បណ្ដាសមាជិកមកពីគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) បានជំរុញលោកក្នុងការលើកទឹកចិត្តអ៊ីស្រាអែល ឱ្យចាត់វិធានការភ្លាមៗ រួមទាំងការបើកច្រកព្រំដែនដ៏សំខាន់ឡើងវិញ ដើម្បីជួយផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា។

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យមួយក្រុម បានសរសេរក្នុងលិខិតមួយផ្ញើជូនលោក បៃដិន ថា «ការលុបបំបាត់ការគំរាមកំហែងដែលបង្កឡើងដោយក្រុមហាម៉ាស និងការការពារជនស៊ីវិល មិនមែនជាគោលបំណងផ្តាច់មុខទៅវិញទៅមកនោះទេ»។
លិខិតនេះត្រូវបានដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក ថាំមី បាលវីន (Tammy Baldwin) លោក ធីម ខែន (Tim Kaine) និងលោក គ្រីស វ៉ាន់ហូឡែន (Chris Van Hollen) ហើយចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យយ៉ាងហោចណាស់ប្រាំបីរូបផ្សេងទៀត។
សមាជិកសភាទាំងនោះបានផ្ញើលិខិតនេះ ខណៈរដ្ឋបាលរបស់លោក បៃដិន បាននិយាយថា ខ្លួនជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ថ្នូរមួយចំនួនក្នុងចំណោមអ្នកទាំង ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមពីតំបន់ហ្កាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។
លិខិតកាលពីថ្ងៃច័ន្ទនោះ មិនបានអំពាវនាវឱ្យមានបទឈប់បាញ់នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ រួមទាំងការធ្វើការឆ្ពោះទៅរកការផ្តល់ទឹក ស្បៀងអាហារ ប្រេងឥន្ធនៈ និងតម្រូវការមូលដ្ឋានផ្សេងទៀត រួមទាំងការបើកច្រកព្រំដែន ខេរ៉េម សាលុម (Kerem Shalom) ឡើងវិញរវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ការការពារជនស៊ីវិល និងទីតាំងជនស៊ីវិល ព្រមទាំងធានាឱ្យមានលទ្ធភាពទទួលបានការថែទាំសុខភាពរបស់ជនស៊ីវិលផងដែរ៕

