ប្រធានាធិបតីនៃប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើត បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកោះស៊ីប ត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមដឹកជញ្ជូនជំនួយមនុស្សធម៌ ក្នុងបរិមាណដ៏ច្រើន ទៅកាន់តំបន់ហ្កាហ្សា តាមនាវាដែលបើកឆ្លងកាត់ទឹករាក់បាន នៅពេលដែលលក្ខខណ្ឌជាក់ស្តែងអនុញ្ញាតឲ្យ។

លោកប្រធានាធិបតី Nikos Christodoulides បាននិយាយថា សំណើរបស់ប្រទេសលោកសម្រាប់ច្រករបៀងសមុទ្រពីកំពង់ផែ Larnaca របស់ប្រទេសកោះស៊ីទៅតំបន់ហ្កាហ្សា គឺជា«ច្រកតែមួយគត់ដែលកំពុងត្រូវបានពិភាក្សាអំពីកម្រិតអន្តរជាតិ» ដែលជាមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបំពេញបន្ថែមយ៉ាងសំខាន់នូវការលំហូរជំនួយចូលទៅក្នុងដែនដីនេះតាមរយៈ ច្រកព្រំដែន Rafahរបស់ប្រទេសអេ ហ្ស៊ីប។

លោក Christodoulides បាននិយាយថា ផែនការសម្រាប់ច្រករបៀងប្រហែល ២៣០ម៉ាយ (៣៧០ គីឡូម៉ែត្រ) ត្រូវបានបញ្ចប់ជាចាំបាច់ ហើយជំនួយ អាចចាប់ត្រូវបានចាប់ផ្តើមដឹកជញ្ជូនចូល នៅពេលដែលការផ្អាកការប្រយុទ្ធគ្នា ត្រូវបានប្រកាស។
មេដឹកនាំប្រទេសកោះស៊ីបរូបនេះ ដែលមានទំនាក់ទំនងជាប្រចាំជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) អំពីសំណើនោះ បាននិយាយថា ការទទួលបានភ្លើងខៀវ ដើម្បីចាប់ផ្តើមការដឹកជញ្ជូន គឺជាបញ្ហាស្មុគស្មាញ ដែលទាមទារឲ្យមានការចរចារដ៏ហ្មត់ចត់ ទាក់ទងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។