សមាជិកគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងរបស់ប្រទេសអាល់បានី បានបំផ្ទុះគ្រាប់បែកផ្សែង និងបានដុតភ្លើងហើយពន្លត់វិញភ្លាមៗនៅកណ្តាលសភា កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ដោយបរាជ័យក្នុងការបញ្ឈប់សភាពីការបោះឆ្នោតលើគម្រោងថវិកា ឆ្នាំ២០២៤ ។

បណ្ដាសមាជិកសភាបានដាក់កៅអីគរលើគ្នានៅកណ្តាលសភា ហើយក្នុងបន្ទប់ពោរពេញដោយផ្សែងក្រហម បៃតង និងពណ៌ស្វាយ ខណៈសន្តិសុខបានរារាំងក្រុមអ្នកតវ៉ាពីអាសនៈនាយករដ្ឋមន្ត្រី លោក អេឌី រ៉ាម៉ា (Edi Rama)។
មេដឹកនាំតាមជាក់ស្ដែងរបស់បក្សប្រឆាំង លោក សាលី បឺរីសា (Sali Berisha) ដែលជាអតីតនាយករដ្ឋមន្ត្រី បានចោទប្រកាន់រដ្ឋាភិបាលអាល់បានី ថាបានព្យាយាមបំបិទមាត់ក្រុមប្រឆាំងនៅក្នុងសភា ជាទីដែលគណបក្សសង្គមនិយមរបស់លោកនាយករដ្ឋមន្ត្រី រ៉ាម៉ា មានសំឡេងភាគច្រើន៕