ភ្នំពេញ៖ សម្រាប់ឱកាសបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋចេញពីទឹកជំនន់ នៅក្នុងខណ្ឌដង្កោកងកម្លាំងចម្រុះជាច្រើន បានអះអាងថា ខ្លួនហ៊ានពលីគ្រប់យ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ឱ្យមានសុវត្ថិភាពរួចផុតពីគ្រោះថ្នាក់។ ពួកគាត់មិនរុញរានឹងគ្រោះថ្នាក់ រឺភាពហត់នឿយនោះទេ ព្រោះវាជាកាតព្វកិច្ចរបស់កងកម្លាំង។
រយៈពេលប៉ុន្មានថ្ងៃក្នុងការជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខណ្ឌ ដង្កោ រាជធានីភ្នំពេញ មកទីទួលសុវត្ថិភាពរហូតមកដល់ថ្ងៃទី១៦ តុលាឆ្នាំ២០២០នេះកងកម្លាំងចម្រុះជាច្រើន នៅតែប្រចាំការ និងចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលត្រូវការជំនួយ រកទីសុវត្ថិភាពស្នាក់នៅ។ សម្រាប់សកម្មភាពចេញទៅជួយសង្គ្រោះនៅថ្ងៃនេះផ្ទាល់ ពុំមានភាពមមាញឹកនោះទេ ព្រោះប្រជាពលរដ្ឋរងគ្រោះជាច្រើន បានជម្លៀសមកទីសុវត្ថិភាព តាំងពីថ្ងៃទី១៤និងថ្ងៃទី១៥មកម្ល៉េះ។
ខណៈពេលដែលកំពុងប្រចាំការនៅទីតាំងផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កងកម្លាំងបញ្ជាក់ថា បញ្ហារបស់ពលរដ្ឋគឺជាបញ្ហារបស់កងកម្លាំង។ ក្នុងនាមជាកងកម្លាំងគឺហ៊ានពលីគ្រប់យ៉ាងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យមានសុខសុវត្ថិភាព។
សម្រាប់ថ្ងៃទី១៦ តុលាឆ្នាំ ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានចុះមកពិនិត្យមើលស្ថានភាពទឹកជំនន់ សួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងលើកទឹកចិត្តកងកម្លាំងចម្រុះទាំងអស់ ក្នុងការលះបង់កម្លាំងកាយចិត្ត ជំនះឧបសគ្គគ្រប់យ៉ាងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់រូបឱ្យគេចផុតពីគ្រោះថ្នាក់។
សម្រាប់ការចូលរួមរបស់កងកម្លាំង ជាក់ស្ដែងបានចុះជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះទឹកជំនន់គ្រប់ទីកន្លែង។ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះគ្រប់ទិសទី ការសង្គ្រោះប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ក្នុងរាជធានីភ្នំពេញទាំងមូល ក៏សម្រេចបានជោគជ័យ និងសង្គ្រោះបានជាង ៥ពាន់គ្រួសារមកទីមានសុវត្ថិភាពផងដែរ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕ អត្ថបទ៖ គឹមហុក



