ចំនួនអ្នកស្លាប់ដោយសារជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្ត មានលើសពី ១៤.៧០០នាក់ហើយ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ថា មនុស្សជាង ១៣.៣០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា មករួមទាំងកុមារជាង ៥.៦០០ នាក់ និងស្ត្រីជាង ៣.៥៥០ នាក់។

នៅតំបន់ វេស ប៊ែង មនុស្សជាង ២១៥ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះគិតត្រឹមយប់ថ្ងៃអាទិត្យ ហើយជាង ២.៨០០ នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០ នាក់បានបាត់បង់ជីវិត។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយកាលពីថ្ងៃច័ន្ទ ថាយ៉ាងហោចណាស់មនុស្ស ១,៧ លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ហ្កាហ្សា ដោយសារតែជម្លោះដែលកំពុងបន្តនេះ។
យោងតាមការិយាល័យអង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនភៀសខ្លួនជិត ៩០ ម៉ឺននាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅទីតាំងយ៉ាងហោចណាស់ចំនួន ១៥៤កន្លែង នៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)៕