ក្នុងជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ភាគីទាំងពីរនឹងរក្សាទំនាក់ទំនងជាមួយគ្នាឲ្យក្លាយជាប្រយោជន៍ សម្រាប់ជាតិ និងប្រជាជន។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ ក្នុងនោះសម្តេចបានថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងយកអស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។

ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណី និងជាបងប្អូន នៃប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ ហើយទំនាក់ទំនងដ៏ល្អនេះបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង និងបានបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងសងខាង។ ជាមួយគ្នា ក្នុងពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងពលរដ្ឋទាំងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរតទៅ។

សម្តេចរដ្ឋសភាធិបតី សង្ឃឹមថាស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងបងប្អូនរវាងកម្ពុជាឡាវ និងទំហំពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា ឈរលើស្មារតីនៃចំណងមិត្តភាពជាអមតៈ នៅដើមរដ្ឋសភានីតិកាលទី៧នេះ សម្តេចបានសម្រេចចិត្តធ្វើទស្សនកិច្ចក្រៅប្រទេសដំបូងគេ ទៅកាន់ប្រទេសជាមិត្តភូមិផងរបងជាប់គ្នាមានប្រទេសឡាវ និងប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការពង្រឹងចំណងមិត្តភាពប្រជាជន និងប្រជាជន ដើម្បីផលប្រយោជន៍ប្រទេសទំាងសងខាង។

ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋបក្ស និងប្រជាជនឡាវ បានត្រៀមជាស្រេចការស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា និងគណៈប្រតិភូបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលCLV លើកដំបូង នៅប្រទេសឡាវ នាដើមខែធ្នូខាងមុខនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទីតឡាវ មានជំនឿថា ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសឡាវនាពេលខាងមុខ នឹងផ្តល់សារៈសំខាន់ក្នុងការពូនជ្រំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់កម្រិត គ្រប់ស្ថាប័នប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕ អត្ថបទ៖ សេក ឧត្តម



