បេឡាជាតិសន្តិសុខសង្កម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនចំនួន ៨៤៧លើក ហើយនឹងបន្តការចុះយុទ្ធនាការនេះ ឲ្យបានចំនួន ៤ពាន់លើក ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកម្មវិធីម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺន ៨ពាន់នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា ការពង្រីកវិសាលភាពតាមរបបស្ម័គ្រចិត្តនេះ នឹងធ្វើឲ្យកម្មករនិយោជិតអាចសន្សំថវិកាបានប្រមាណ ១៥ ទៅ២០ដុល្លារ ក្នុង១ខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។
ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមាន ប្តីប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ ចំពោះបុគ្គលស្វ័យនិយោជន៍ ជាស្រ្តីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសព។
គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បេឡាជាតិសន្តិសុខសង្កម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបបានចំនួន ៧ម៉ឺន ៤ពាន់ ៩១៣នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ៧ម៉ឺន ៤ពាន់ ៨៨៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ២៥នាក់ ហើយមានអ្នកបានទៅប្រើប្រាស់សេវាចំនួន ៦,៦៣៦ករណី និងចំណាយតាវកាលិកអស់ទឹកប្រាក់ប្រមាណជាង ៣២៥លានរៀល ដោយចាប់តាំងពីថ្ងៃប្រកាសអនុវត្តរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកមកក្រសួងបានខិតខំសម្របសម្រួលបើកតាវការលិកជូនសមាជិកដោយរលូន និងមិនទាន់ទទួលបាននូវបណ្តឹង ឬមានករណីដែលមិនទទួលបានតាវការលិកនោះទេ៕អត្ថបទដោយ ឈិត បូរ៉ាវី