ភ្នំពេញ៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចូលរួមបំពេញទស្សនកិច្ចសិក្សាផ្តោតលើយន្តការគ្រប់គ្រងគ្រោះមហន្តរាយអឺរ៉ុប នៅការិយាល័យគណៈកម្មាធិការសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេលប៊ែលហ្សិក។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីទទួលបានការយល់ដឹង និងចំណេះដឹងអំពីរបៀបដែលសហគមអឺរ៉ុបដោះស្រាយ និងសម្របសម្រួលស្ថានភាពគ្រោះអាសន្ន និងជំរុញការចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូនឹងស្វែងយល់អំពីមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) និងស្វែងយល់អំពីដំណើរការគ្រប់គ្រង និងការសម្របសម្រួលរបស់ខ្លួន។
គណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចូលរួមសង្កេតពីរបៀបដែលភាគីពាក់ព័ន្ធនានាធ្វើការរួមគ្នា ដើម្បីធានាបាននូវការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការបែងចែកធនធាន និងការធ្វើសេចក្តីសម្រេចចិត្តក្នុងអំឡុងពេលមានស្ថានភាពធ្ងន់ធ្ងរ។

ដំណើរទស្សនៈកិច្ចនេះផងដែរ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលមានតំណាងមកពីប្រទេសសមាជិកអាស៊ានទាំងអស់ និងបានការសម្របសម្រួលពីមជ្ឈមណ្ឌល AHA (មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ)។

នៅថ្ងៃបន្ទាប់ គណៈប្រតិភូនឹងបន្តដំណើរទស្សនកិច្ចសិក្សាក្នុងលំហាត់សាកល្បងនៅទីក្រុង Belgrade ប្រទេសស៊ែប៊ី។ លំហាត់នេះនឹងផ្តល់នូវបទពិសោធន៍ជាក់ស្តែងដែលអនុញ្ញាតឱ្យគណៈប្រតិភូសង្កេត និងស្វែងយល់ពីការអនុវត្តគំនិត នៃការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងសេណារីយ៉ូដែលបានរៀបចំឡើង។

លំហាត់នេះនឹងផ្តល់ឱកាស ក្នុងការផ្លាស់ប្តូរចំណេះដឹង និងការកសាងសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសសមាជិកអាស៊ានក្នុងការធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនក្នុងអំឡុងពេលមានវិបត្តិ៕

