សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា សព្វថ្ងៃនេះមិនខ្វះទេ គឺនៅតែមានក្រុមដែលចង់បំផ្លាញប្រទេសជាតិដ៏រីកចម្រើន ប៉ុន្តែទោះជាយ៉ាងណា សម្តេចថា សំខាន់គឺស្ថិតនៅលើប្រជាពលរដ្ឋយើងទេ ដែលមានការយល់ដឹងនិងវិនិច្ឆ័យដោយត្រឹមត្រូវ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៣ ជាង១ម៉ឺន៨ពាន់នាក់ដែល មានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១វិច្ឆិកានេះ។
សម្តេចបានលើកឡើងថា៖ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតមកដល់បច្ចុប្បន្នបាននិងកំពុងប្រឹងប្រែងខ្លាំងណាស់ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែទោះជាបែបនេះក្តីនៅតែមានក្រុមជ្រុលនិយមតែងតែប៉ុនប៉ងចង់បំផ្លាញប្រទេសជាតិ។
សូមបញ្ជាក់ថា កន្លងមកនិងជានិច្ចកាលក្រុមដែលមាននិន្នាការប្រឆាំងជាពិសេសទណ្ឌិត សម រង្ស៊ី តែងតែបង្កការញុះញង់ទៅកាន់កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាសនូវគ្រប់រូបភាព ឱ្យធ្វើបាតុកម្ម បង្កការបំផ្លិចបំផ្លាញនាំឱ្យបាត់បង់ឱកាសការងារជាច្រើន។ ដោយការយល់ដឹងកាន់តែទូលាយពីគុណតម្លៃការងារ និងផលប្រយោជន៍ជាច្រើនដែលទទួលបានពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានធ្វើឱ្យមនោគមន៍នៃការញុះញង់របស់ក្រុមប្រឆាំងត្រូវបាត់ជំនឿ ពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ និងកម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសទាំងអស់ ហើយរោងចក្រ សហគ្រាសសព្វថ្ងៃគឺជាសហគមន៍ដ៏សុខសាន របស់កម្មករ និយោជិត ៕