ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សិស្សដែលបានចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលរៀបចំដោយរាជរដ្ឋាភិបាល មានចំនួន ១ ៦០៨នាក់។

នៅក្នុងកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ ឯកឧត្តម ហេង សួរ បានរាយការណ៍ថា ក្នុងចំណោមអ្នកចុះឈ្មោះចំនួនជាង ១ពាន់នាក់នេះ ក្នុងនោះសម្រាប់រាជធានីភ្នំពេញមានចំនួន ១,០៣៤នាក់ , បាត់ដំបង១២១នាក់ , ព្រះសីហនុ៧៦នាក់ , សៀមរាប៦៨នាក់ , កណ្តាល៦៨នាក់ និងបណ្តាខេត្ត២៤១នាក់ ដែលជាមធ្យមចំពោះមុខ គឺមានយុវជនប្រមាណជា ៣៤០នាក់ បានចុះឈ្មោះក្នុងមួយថ្ងៃ។
ឯកឧត្តម បានគូសបញ្ជាក់ថា ទាក់ទិនចំនួនសិស្សចុះឈ្មោះនេះដែរ ក្រសួងការងារ នឹងធ្វើការជាមួយក្រុមរាជធានី ខេត្ត ជាពិសេសក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនចំនួននៃការចុះឈ្មោះនេះឲ្យបានកាន់តែច្រើន ដើម្បីយើងអាចចាប់ផ្តើមដំណើរការវគ្គបណ្តុះបណ្តាលនៅក្នុងវគ្គពាក់កណ្តាលខែធ្នូខាងមុខ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិប ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ ដើម្បីឲ្យកម្ពុជាមានធនធានមនុស្ស ក្នុងការបម្រើសេចក្តីត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស។
សូមបញ្ជាក់ទៀតថា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ រវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា៕
អត្ថបទ ឈិត បូរ៉ាវី