អនុរដ្ឋមន្ត្រីទទួលបន្ទុកសហគមន៍ ដែនដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ុយក្រែន លោក Serhiy Derkach បាននិយាយនៅលើហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា រថយន្តដឹកទំនិញប៉ូឡូញដែលបិទចរាចរណ៍នៅព្រំដែន នៅតែរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេង មិនឲ្យចូលអ៊ុយក្រែន។

លោក បាននិយាយថា ការអះអាងពីភាគីប៉ូឡូញថា ជំនួយមនុស្សធម៌ និងរថយន្តដឹកឥន្ធនៈ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ដោយគ្មានឧបសគ្គ មិនមែនជាការពិតនោះទេ។
លោក Derkach បាននិយាយថា៖«យើងបានកត់ត្រាករណីជាច្រើននៃរថយន្តដឹកប្រេង និងជំនួយមនុស្សធម៌ ដែលចតជាច្រើនជួរ នៅតាមបណ្តោយដងផ្លូវ»។

មន្ត្រីអ៊ុយក្រែន បាននិយាយថា ព័ត៌មានអំពីករណីទាំងនេះ កំពុងត្រូវបានបញ្ជូនទៅកាន់សហសេវិកជនជាតិប៉ូឡូញពីក្រសួងរបស់ពួកគេ។
លោក Derkach បានបន្តទៀតថា៖យើងកំពុងរំពឹងថា នឹងមានចម្លើយអំពីរបៀបដែលវាទាក់ទងទៅនឹង (ការអះអាង)អំពីការឆ្លងកាត់នៃទំនិញបែបនេះដោយគ្មានឧបសគ្គ»។