អាជ្ញាធរប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាហ្វហ្គានីស្ថានជាង ៤០០.០០០ នាក់ បាន ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីការបង្ក្រាបដែលកំពុងបន្តលើជនបរទេសខុសច្បាប់ នៅក្នុងប្រទេសនេះ។

លោក Zabihullah Mujahid អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលដឹកនាំដោយតាលីបង់ក្នុងប្រទេស អាហ្វហ្គានីស្ថាន បានបញ្ជាក់ពីចំនួននេះ ហើយបានប្រាប់សារព័ត៌មានAP ថា ភាគច្រើន បាននិងកំពុងប្រើប្រាស់ច្រកព្រំដែន Torkham និង Spin Boldak ដើម្បីត្រឡប់ទៅផ្ទះវិញ។

ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១,៧ លាននាក់ បានរស់នៅក្នុងប្រទេសប៉ាគីស្ថាន នៅពេលដែលអាជ្ញាធរ បានប្រកាសពីការបង្រ្កាបទូទាំងប្រទេស ដោយនិយាយថា អ្នកណាម្នាក់ដែលគ្មានឯកសារត្រឹមត្រូវត្រូវចាកចេញពីប្រទេសត្រឹមថ្ងៃទី៣១ ខែតុលា បើមិនដូច្នេះទេ នឹងត្រូវចាប់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីប៉ាគីស្ថាន បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថាន ១,៤ លាននាក់ផ្សេងទៀតដែលបានចុះឈ្មោះជាជនភៀសខ្លួន មិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះមានតែមនុស្ស ដែលគ្មានឯកសារត្រឹមត្រូវប៉ុណ្ណោះ ដែលត្រូវគេស្វែងរក។
នៅទសវត្សរ៍ឆ្នាំ១៩៨០ ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ប៉ាគីស្ថានក្នុងអំឡុងពេលដែលសូវៀតកាន់កាប់ប្រទេសរបស់ពួកគេ។ តួលេខ បានកើនឡើង បន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១។