មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងបីនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart ក្នុងរដ្ឋ អូហាយអូ (Ohio) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) នេះបើយោងតាមទូរទស្សន៍ WHIO បានរាយការណ៍ដោយសំអាងដល់ក្រុមអ្នកយកព័ត៌មានរបស់ខ្លួននៅកន្លែងកើតហេតុ និងអ្នកនាំពាក្យមន្ទីរពេទ្យ។

នគរបាលនៅទីក្រុង បៀវើក្រិក (Beavercreek) រដ្ឋ អូហាយអូ បាននិយាយថា ពួកគេកំពុងប្រតិបត្តិការឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ ហើយថា មិនមានការគំរាមកំហែងដល់សាធារណជនទៀតទេ។

ទីក្រុង បៀវើក្រិក គឺជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៤៦.០០០នាក់ ស្ថិតនៅភាគខាងកើតនៃទីក្រុងដេតុន (Dayton)។ អគារហាងទំនិញនោះត្រូវបានសម្អាត និងធានាសុវត្ថិភាព ហើយ «មិនមានការគំរាមកំហែងសកម្មនោះទេនៅពេលនេះ» នេះបើតាមនគរបាលបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយមិនបញ្ចេញព័ត៌មានលម្អិតអំពីជនរងគ្រោះដែលអាចកើតមាននោះទេ។
សាក្សីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយប្រើកាំភ្លើងវែង។ សាក្សីម្នាក់ទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានពណ៌នាអ្នកបាញ់ប្រហារថាជា «បុរសជនជាតិស្បែកស ហើយខ្ពស់» ដែលកាន់កាបូបទាហាន។ នគរបាលបាននិយាយថា ពួកគេនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតជុំវិញបញ្ហានេះ៕