ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបន្តផ្តល់កិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សដល់សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) លើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្តុះបណ្តាលសមត្ថភាពសិក្ខាកាមរបស់កម្ពុជានៅប្រទេសជប៉ុនតាមរយៈគម្រោងកម្មសិក្សា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់ជំនួបការងារ រវាងឯកឧត្តមរដ្ឋមន្រ្តី និងលោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានពិភាក្សាអំពីលក្ខខណ្ឌការងារ និងឱកាសនៃការពង្រីកទីផ្សារការងារនៅប្រទេសជប៉ុន រួមទាំងការពង្រីកលទ្ធភាព នៃកិច្ចសហការផ្សេងទៀតដែលក្រុមហ៊ុនជប៉ុនមើលឃើញពីសក្តានុពលនៅកម្ពុជា។ ក្នុងនោះ ភាគីជប៉ុន ក៏បានលើកឡើងពីគម្រោងពង្រីកវិសាលភាព និងការពង្រឹងសមត្ថភាពរបស់សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ដើម្បីឆ្លើយតបនិងតម្រូវការនាពេលបច្ចុប្បន្នផងដែរ។
មួយវិញទៀត ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនក្រុមហ៊ុនជប៉ុនថា តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភាពរបស់ក្រសួងដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ នឹងធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មជំនាញកាន់តែច្រើនដើម្បីធានាប្រសិទ្ធភាពនៃផលិតកម្ម និងផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនសមាគមជប៉ុន-កម្ពុជាថា ក្នុងក្របខណ្ឌវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបានត្រៀមលក្ខណៈសម្បត្តិជួយក្រុមហ៊ុនជប៉ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា៕








