ពោធិ៍សាត់ ៖ បងប្អូនអតីតយុទ្ធជន និងគ្រួសារបានចូលរស់នៅជាបណ្តើរៗក្នុងលំនៅដ្ឋានថ្មីដោយក្តីពេញចិត្ត ជាមួយនឹងការចាប់ផ្តើមប្រកបមុខរបរដាំដំណាំ ចិញ្ចឹមសត្វ និងបើកលក់ដូរ
បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសាងសង់ផ្ទះថ្មីដ៏ស្រស់ស្អាតសមរម្យ លើទឹកដីដ៏ស្រស់បំព្រងថ្មីនៃភូមិរ៉ានីសែនជ័យ ដំណាក់ត្រយឹង ក្នុងឃុំព្រងិល ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ សម្រាប់អតីតយុទ្ធជនចំនួន៦២៨គ្រួសារ នៅពេលនេះបងប្អូនអតីតយុទ្ធជន និងគ្រួសារបានចូលរស់នៅជាបណ្តើរៗហើយនៅក្នុងលំនៅដ្ឋានថ្មីដោយក្តីពេញចិត្ត និងប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការចាប់ផ្តើមប្រកបមុខរបរថ្មី ដោយការដាំដុះដំណាំ ចិញ្ចឹមសត្វ និងបើកលក់ដូរផ្សេងៗ។
ជួបសម្ភាសជាមួយ BTV ពួកគាត់បានសម្តែងក្តីរីករាយជាខ្លាំង ពេលបានមករស់នៅទីនេះ ព្រោះអ្វីដែលគាត់បានទទួលពិតជាលើសពីការរំពឹងទុក។ ផ្ទះថ្មីធំសមរម្យ មាមសោភណ្ឌភាពស្អាតហើយរឹងមាំ ព្រមទាំងមានទាំងបន្ទប់ទឹក ចង្រ្កានបាយ អណ្តូងទឹក ភ្លើង នៅលើផ្ទៃដីធំទូលាយ ជាមួយនឹងដំណាំដែលដាំដុះស្រាប់មួយចំនួនផងលើដីដ៏មានជីវជាតិ អាចឱ្យពួកគាត់បង្កបង្កើនផល ចិញ្ចឹមសត្វ និងលក់ដូរបានយ៉ាងងាយស្រួល។
អតីតយុទ្ធជនពិការជើងម្នាក់ដែលមករស់នៅទីនេះនៅក្នុងខែឧសភា បន្ទាប់ពីផ្ទះសាងសង់រួចភ្លាម បានសរសើរយ៉ាងខ្លាំងពីការគិតគូររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះរូបគាត់ ក៏ដូចជាអតីតយុទ្ធជនទូទៅ បើទោះបីជាមានកិច្ចការជាតិធំៗជាច្រើនត្រូវធ្វើក្តី ជាពិសេសនៅក្នុងកាលៈទេសៈដែលកម្ពុជាត្រូវប្រឈមដោះស្រាយបញ្ហាជំងឺកូវីដ ក៏ប៉ុន្តែនៅតែបានយកចិត្តទុកដាក់ជម្រុញលើកិច្ចការនេះ ជាមួយនឹងការឧបត្ថម្ភគាំទ្រនូវការសាងសង់លំនៅដ្ឋានថ្មីដ៏សមរម្យជូនពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
បើទោះបីគម្រោងសាងសង់នេះកំពុងតែដំណើរការក៏ដោយ ប៉ុន្តែដោយសារកត្តាអំណោយផលដល់ការរស់នៅនោះ មកដល់ពេលនេះបងប្អូនអតីតយុទ្ធជនចំនួនប្រមាណ៥០គ្រួសារហើយបានចូលរស់នៅ។
សូមបញ្ជាក់ថា ផ្ទះថ្មីទំហំ៥ម៉ែត គុណ៧ម៉ែត រួមទាំងសំយ៉ាបសម្រាប់ចង្រ្កានបាយ និងបន្ទប់ទឹក ចំណាយថវិកាក្នុងការសាងសង់សរុប ៣៦០០ដុល្លា សាងសង់លើផ្ទៃដី ៧០ម៉ែត គុណ១៥០ម៉ែត្រ។ ជាមួយនេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង អណ្តូងទឹកស្អាត រួមទាំងការបង្កើតឱ្យមានមណ្ឌលសុខភាព សាលារៀន និងទីផ្សារនៅពេលខាងមុខនេះនឹងបង្កលក្ខណៈកាន់តែល្អប្រសើរសម្រាប់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសាររស់នៅភូមិតំបន់អភិវឌ្ឍថ្មីលើដីសង្គមកិច្ចរបស់ខេត្តនេះ។ ចំណែកការសាងសង់មកដល់ពេលនេះសម្រេចបានចំនួនប្រមាណ៨០ផ្ទះ ហើយដែរ ៕











