
មេបញ្ជាការក្រុមហាម៉ាស់ បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានខិតជិតការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល ទោះបីជាការវាយប្រហារយ៉ាងឃោឃៅទៅលើតំបន់ហ្កាហ្សានៅតែបន្ត ហើយគ្រាប់រ៉ុក្កែត កំពុងត្រូវបានបាញ់ចូលទៅអ៊ីស្រាអែលក៏ដោយ។
លោក Ismail Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់សារព័ត៌មាន Reuters ដោយជំនួយការរបស់លោកថា មន្ត្រីក្រុមហាម៉ាស់ «ខិតជិតឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់» ជាមួយអ៊ីស្រាអែល ហើយក្រុមនេះបានផ្តល់ការឆ្លើយតបទៅអ្នកសម្របសម្រួលប្រទេសកាតា។
សេចក្តីថ្លែងការណ៍ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែមន្ត្រីក្រុមហាម៉ាស់ បាននិយាយថា ការចរចាត្រូវផ្តោតលើថាតើបទឈប់បាញ់នឹងមានរយៈពេលយូរប៉ុណ្ណា សម្រាប់ការរៀបចំដឹកជញ្ចូនជំនួយទៅកាន់តំបន់ហ្កាហ្សា និងការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល ដែលក្រុមហាម៉ាស់បានចាប់ឃុំឃាំងសម្រាប់ដូរអ្នកទោសប៉ាឡេស្ទីននៅអ៊ីស្រាអែល។ ភាគីទាំងពីរ នឹងដោះលែងស្ត្រី និងកុមារ ហើយព័ត៌មានលម្អិតនឹងត្រូវបានប្រកាសដោយប្រទេសកាតា ដែលកំពុងសម្របសម្រួលក្នុងការចរចានេះ។
ឯកអគ្គរដ្ឋទូត អ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Michael Herzog បាននិយាយក្នុងកម្មវិធី This Week របស់វិទ្យុ ABC កាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងមួយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈនាយករដ្ឋមន្រ្តីប្រទេសកាតា លោក Sheikh Mohammed Bin Abdulrahman al-Thani បាននិយាយថា ចំណុចដែលនៅសេសសល់គឺតិចតួចបំផុត។
ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden និងមន្ត្រីអាមេរិកផ្សេងទៀត បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងមួយខិតជិតមកដល់ហើយ។