
រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាកាលពីថ្ងៃចន្ទក្នុងការវិនិយោគទឹកប្រាក់ចំនួន ៤ពាន់លានអឺរ៉ូ (៤,៣៧ ពាន់លានដុល្លារ) នៅក្នុងគម្រោងថាមពលបៃតងរបស់អាហ្វ្រិករហូតដល់ឆ្នាំ ២០៣០ ដោយលោកអធិការបតី អូឡាហ្វ សូល( Olaf Scholz) បាននិយាយថា បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិក គួរតែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីវត្ថុធាតុដើមដ៏សម្បូររបស់ពួកគេ។
លោកសូល បានពិភាក្សាពីការសន្យានៅក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំកំពូល G20 ជាមួយអាហ្វ្រិកដែលប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង។ លោកមិនបាននិយាយពីគម្រោងជាក់លាក់ណាមួយទេ ប៉ុន្តែបាននិយាយថា វត្ថុធាតុដើមដែលប្រើប្រាស់ក្នុងថាមពលបៃតង គួរតែត្រូវបានដំណើរការ នៅក្នុងប្រទេសអាហ្វ្រិករបស់ពួកគេនោះ។
លោកសូល បាននិយាយទៀតថា៖«នេះបង្កើតការងារ និងវិបុលភាព នៅក្នុងប្រទេសទាំងនេះ»។ «ហើយឧស្សាហកម្មអាល្លឺម៉ង់ ទទួលបានអ្នកផ្គត់ផ្គង់ ដែលអាចទុកចិត្តបាន»។
ការព្រមព្រៀងមួយអាហ្រ្វិក គឺផ្អែកលើគំនិតផ្តួចផ្តើមដែលធ្វើឡើងដោយប្រទេសអាល្លឺម៉ង់ក្នុងអំឡុងពេលធ្វើជាប្រធាននៃក្រុមប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេចំនួន២០។ ការព្រមព្រៀងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ច នៅក្នុងប្រទេសដែលចូលរួម ដើម្បីធ្វើឲ្យពួកគេកាន់តែមានភាពទាក់ទាញសម្រាប់ការវិនិយោគឯកជនពីបរទេស។
លោកសូល ក៏បាននិយាយដែរថា ប្រទេសអាល្លឺម៉ង់ គួរតែក្លាយជាដៃគូរយៈពេលវែង និងគួរឲ្យទុកចិត្តដល់ប្រទេសនានា ក្នុងទ្វីបអាហ្វ្រិក។