
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានឈានដល់វ័យ ៨១ឆ្នាំហើយ កាលពីថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានទាក់ទាញការចាប់អារម្មណ៍ ចំពោះស្ថានភាពរបស់លោកក្នុងនាមជាមនុស្សដ៏មានវ័យចំណាស់បំផុតមិនធ្លាប់មាន ដែលគ្រងតំណែងកំពូលរបស់សេតវិមាន ដោយការស្ទង់មតិបានបង្ហាញពីការព្រួយបារម្ភរបស់ប្រជាជនអាមេរិក ដែលគិតថា លោកចាស់ពេកមិនអាចសមនឹងតួនាទី ដែលលោកកំពុងស្វែងរកការជាប់ឆ្នោតជាថ្មីនោះទេ។
តែលោក Biden បានប្រាប់ទៅកាន់អ្នកដែលព្រួយបារម្ភទាំងនោះ ក្នុងន័យលេងសើចថា លោកមានវ័យចាស់ពេក សម្រាប់ភាពតឹងតែងរបស់សេតវិមាន ហើយអមជាមួយនឹងការប៉ុនប៉ងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនោះ លោកបាននិយាយថា អាយុ និងបទពិសោធន៍របស់លោកជាងកន្លះសតវត្សរ៍ក្នុងជីវិតសាធារណៈ គឺជាទ្រព្យសម្បត្តិមួយក្នុងការដោះស្រាយបញ្ហារបស់អាមេរិក។ នៅក្នុងពិធីបុណ្យលើកលែងទោស National Thanksgiving Turkey កាលពីថ្ងៃចន្ទ លោក Biden បាននិយាយបែបលេងសើចថា លោកមិនមានវត្តមាន សម្រាប់ព្រឹត្តិការណ៍បែបនេះជាលើកដំបូង កាលពី ៧៦ឆ្នាំមុននោះទេ។
ប្រសិនបើជាប់ឆ្នោតជាថ្មីម្ដងទៀត លោក Biden នឹងមានអាយុ ៨៦ឆ្នាំ នៅពេលបញ្ចប់អាណត្តិទី២ របស់លោកក្នុងការកាន់តំណែង។ សមាជិកគណបក្សសាធារណរដ្ឋ លោក Ronald Reagan ដែលមានកំណត់ត្រាពីមុនជាប្រធានាធិបតីវ័យចាស់បំផុតរបស់សហរដ្ឋអាមេរិក បានបញ្ចប់អាណត្តិទី២ របស់លោក នៅវ័យ ៧៧ឆ្នាំ កាលពីឆ្នាំ១៩៨៩។ ចំណែកលោក Donald Trump ដែលជាបេក្ខជននាំមុខគេ សម្រាប់ការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ដើម្បីប្រជែងជាមួយលោក Biden ក្នុងការបោះឆ្នោតឆ្នាំ២០២៤ មានអាយុ ៧៧ឆ្នាំ៕