
រូបភាពវីដេអូពីកងកម្លាំងយោធារបស់ប្រទេសបារាំង ដែលបានបញ្ចេញកាលពីថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) បានបង្ហាញឲ្យឃើញពីការបញ្ជូនគ្រឿងបរិក្ខារពេទ្យបន្ថែម និងនាវាមន្ទីរពេទ្យទី២ របស់ប្រទេសបារាំងទៅកាន់តំបន់ហ្កាហ្សា។
ប្រទេសបារាំងបានបញ្ជូនយន្តហោះយោធា Airbus A400 ជាមួយនឹងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្រ្តជាង ១០តោន ហើយនឹងរួមចំណែកដល់ការហោះហើរជំនួយផ្នែកវេជ្ជសាស្រ្តរបស់សហភាពអឺរ៉ុប នៅថ្ងៃទី ២៣ និង៣០ ខែវិច្ឆិកា។
ជាមួយគ្នានេះ បារាំងក៏បានបញ្ជូននាវាមន្ទីរពេទ្យទី២ ដែលជានាវាផ្ទុកឧទ្ធម្ភាគចក្រ Dixmude ដែលនឹងទៅដល់ប្រទេសអេហ្ស៊ីប ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ នាវាផ្ទុកឧទ្ធម្ភាគចក្រដំបូងរបស់បារាំង គឺ Tonnerre ដែលមានគ្រែប្រហែល ៦០គ្រែ និងប្លុកវះកាត់ចំនួន២ ត្រូវបានដាក់ពង្រាយក្នុងតំបន់នេះរួចហើយ។
លើសពីនេះទៀត បើតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង ដែលចេញផ្សាយកាលថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) បានឲ្យដឹងថា បារាំងក៏នឹងដាក់ពង្រាយយន្តហោះស៊ីវិល និងយោធា ដើម្បីជម្លៀសកុមារ ដែលមានជំងឺ ឬរបួសចេញពីតំបន់ហ្ហកាហ្សា។ កាលពីដើមខែនេះ យន្តហោះរបស់បារាំងបានប្រគល់ជំនួយចំនួន ៥៤តោន សម្រាប់តំបន់ហ្កាហ្សាតាមរយៈអេហ្ស៊ីប៕