
អ្នកឈរឈ្មោះឈានមុខក្នុងការក្លាយជាមេដឹកនាំបន្ទាប់ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនកោះតៃវ៉ាន់ ត្រូវធ្វើការជ្រើសរើសក្នុងការបោះឆ្នោតឆ្នាំក្រោយ អំពីថាតើកោះនេះនៅបន្តដំណើរឆ្ពោះទៅមុខលើផ្លូវទៅរកលទ្ធិប្រជាធិបតេយ្យ ឬ ឆ្ពោះទៅរកទំនោទៅប្រទេសចិន ។
បញ្ហារបស់ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បង្ហាញច្រើននៅមុនការបោះឆ្នោតមេដឹកនាំនិងសភា នៅថ្ងៃទី ១៣ ខែមករា ជាពិសេសនៅពេលទីក្រុងប៉េកាំង បាននិងកំពុងបង្កើនសម្ពាធយោធាទៅលើកោះនេះ។ លោក Lai Ching-te មេដឹកនាំទី២ និងជាបេក្ខជនមេដឹកនាំ នៃគណបក្សលទ្ធិប្រជាធិបតេយ្យជឿនលឿន(DPP) ដែលកំពុងកាន់អំណាច បាននាំមុខនៅក្នុងការបោះឆ្នោតស្ទង់មតិមានសំឡេងភាគច្រើននៅមុនការបោះឆ្នោត។
គណបក្សប្រឆាំងធំបំផុត គឺគណបក្ស Kuomintang (KMT) ដែលតាមធម្មតាគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ត្រូវបានជាប់គាំងនៅក្នុងជម្លោះជាមួយគណបក្សប្រជាជនតៃវ៉ាន់ អំពីបេក្ខជនណាមួយរបស់ពួកគេគួរតែឈរឈ្មោះជាមេដឹកនាំ និងមួយណាជាមេដឹកនាំទី២ បន្ទាប់ពីបានយល់ព្រមធ្វើការរួមគ្នាជាលើកដំបូង។
និយាយទៅកាន់អ្នកសារព័ត៌មាននិងអ្នកគាំទ្រ បន្ទាប់ពីបានចុះឈ្មោះជាផ្លូវការនូវបេក្ខភាពរបស់លោកនៅគណៈកម្មការរៀបចំការបោះឆ្នោត លោក Lai បាននិយាយថា សន្តិសុខរបស់កោះតៃវ៉ាន់ គឺជាបញ្ហាអន្តរជាតិ និងពិភពលោកទាំងមូល ដែលកំពុងតាមដានការបោះឆ្នោតនេះ។
លោកនិយាយថា ប្រជាជនកោះតៃវ៉ាន់ ត្រូវជ្រើសរើសរវាងការជឿជាក់លើកោះតៃវ៉ាន់ ដែលអនុញ្ញាតឱ្យកោះនេះបន្តដំណើរទៅមុខលើផ្លូវទៅរកលទ្ធិប្រជាធិបតេយ្យ និងការពឹងផ្អែកទៅលើប្រទេសចិនដែលដើរតាមគន្លងចាស់នៃគោលការណ៍ចិនតែមួយ និងការចូលទៅរកទំនោទៅប្រទេសចិន។