អាមេរិកកណ្ដាល៖ បណ្ដាប្រទេសជាច្រើន និងអង្គការអភិវឌ្ឍន៍បានសន្យាបង្កើនកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយមូលហេតុដែលប្រជាជនរាប់លាននាក់ ធ្វើអន្តោប្រវេសន៍ពីប្រទេសអាមេរិកកណ្ដាល។

ដោយបានជួបជុំគ្នានៅក្នុងរដ្ឋធានី San José ប្រទេសកូស្តារីកា មេដឹកនាំបណ្ដាប្រទេសជាច្រើន ក្រុមធនាគារពហុជាតិសាសន និងអង្គការអន្តរជាតិនិយាយថា ពួកគេនឹងបរិច្ចាគទឹកប្រាក់ជិត ១១០លានដុល្លារទៅនឹងគម្រោងនេះ។ សេចក្ដីថ្លែងការណ៍បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រទេសអេស្ប៉ាញ និងរដ្ឋជាសមាជិកនៃប្រព័ន្ធសមាហរណកម្មប្រទេសអាមេរិកកណ្ដាល។ ក្រុមមន្ត្រីនិយាយថា ការធ្វើអន្តោប្រវេសន៍បានកើតមានកាន់តែធ្ងន់ធ្ងរ ដោយសារតែបម្រែបម្រួលអាកាសធាតុ និងការឆ្លងរាតត្បាតជំងឺដែលកំពុងស្ថិតនៅលើភាពលំបាកនៃសេដ្ឋកិច្ច សន្តិសុខ និងអំពើហិង្សា។
សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ទឹកប្រាក់ចំនួន ៥៧លានដុល្លារជាជំនួយមនុស្សធម៌ សម្រាប់ប្រជាជនភៀសខ្លួននៅក្នុងតំបន់ បន្ថែមលើជំនួយចំនួន ៣១០លានដុល្លារដែលបានប្រកាសកាលពីពេលមុន ខណៈប្រទេសអេស្ប៉ាញផ្តល់ជំនួយជាង ៧.៦លានដុល្លារសហរដ្ឋអាមេរិកចន្លោះឆ្នាំ២០២១ និង២០២២ ហើយសហភាពអឺរ៉ុបនឹងបរិច្ចាគចំនួន ១៨.៥លានអឺរ៉ូ។ ប្រទេសជាសមាជិកនៃយន្តការនេះមានប្រទេសបេលីស កូស្តារីកា អែលសាវ៉ាឌ័រ កាតេម៉ាឡា ហុងឌូរ៉ាស់ ម៉ិចស៊ីក និងប៉ាណាម៉ា៕
អត្ថបទ៖ ប៊ុនថន