
អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) ថា សម្ព័ន្ធភាពយោធាមួយនេះ កំពុងសម្លឹងរកមើលការបង្កើនជាអចិន្ត្រៃយ៍នៃចំនួនកងទ័ព នៅក្នុងតំបន់បាល់កង់ខាងលិច ដើម្បីធ្វើឲ្យភាពតានតឹងស្ថិតក្រោមការគ្រប់គ្រង។
សម្ព័ន្ធភាពបានបញ្ជូនកងកម្លាំងបន្ថែមរាប់រយនាក់ទៅកាន់កូសូវ៉ូពីចក្រភពអង់គ្លេស និងរូម៉ានី បន្ទាប់ពីការប្រយុទ្ធគ្នា រវាងនគរបាល និងក្រុមប្រដាប់អាវុធស៊ែប៊ី ដែលបានផ្ទុះឡើងនៅក្នុងវិហារមួយ បានប្រែក្លាយភូមិដ៏ស្ងប់ស្ងាត់មួយនៅភាគខាងជើងកូសូវ៉ូ ទៅជាតំបន់សង្រ្គាម កាលពីថ្ងៃទី២៤ ខែកញ្ញា។
លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់កូសូវ៉ូថា៖ «ឥឡូវនេះយើងកំពុងពិនិត្យមើលថា តើយើងគួរមានការបង្កើនជាអចិន្ត្រៃយ៍បន្ថែមទៀតនូវចំនួនទាហាន ដើម្បីធានាថា ជម្លោះនេះ មិនរាលដាលហួសពីការគ្រប់គ្រង ហើយនិងបង្កើតឲ្យមានជម្លោះហិង្សាថ្មី នៅក្នុងកូសូវ៉ូ ឬតំបន់កាន់តែធំទូលំទូលាយ»។
ការប្រយុទ្ធគ្នាដោយកាំភ្លើងនៅក្នុងខែកញ្ញា បានជំរុញឲ្យមានការព្រួយបារម្ភជាអន្តរជាតិថ្មីអំពីស្ថិរភាព នៅក្នុងកូសូវ៉ូ ដែលមានជនជាតិភាគតិចអាល់បានីភាគច្រើន និងបានប្រកាសឯករាជ្យពីប្រទេសស៊ែប៊ី ក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការបះបោរទ័ពព្រៃ និងការអន្តរាគមន៍ពីអង្កការណាតូឆ្នាំ១៩៩៩។
បេសកកម្មរក្សាសន្តិភាព KFOR របស់អង្គការណាតូ ដែលបានដំណើរការតាំងពីឆ្នាំ១៩៩៩ មក មានទាហានជាង ៤.៥០០នាក់មកពី ២៧ប្រទេស៕