ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី២១ខែវិច្ឆិកានេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ជាមួយក្រសួងព័ត៌មាន និងសាលាជាតិជាតិគយ ស្ថិតនៅសាលាភូមិន្ទរដ្ឋបាល។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ក្នុងគោលបណងសំខាន់គឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។
ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនឹងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាវឌ្ឍនភាព និងការបោះជំហានមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលក្នុងនោះសាលាជាតិគយ ក៏មានបេសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពមន្ត្រី និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ដែរថា កិច្ចសហការតាមរយៈអនុស្សរណៈនេះ គឺជាកាតាលីករដ៏សំខាន់ ក្នុងការបន្តជំរុញ និងលើកកម្ពស់នូវការកសាងសមត្ថភាពនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីពង្រឹងសមត្ថភាពជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈ បុរសកម្មសកម្ម អន្តរសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងចូលរួមសហការធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺ ទី១.ពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទី២.គុណភាពព័ត៌មាន និងទី៣.សុវត្ថិភាពព័ត៌មាន។
គួរបញ្ជាក់ដែរថា សាលាភូមិន្ទរបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដំបូង ការបណ្តុះបណ្តាលបន្ត និងកិច្ចការស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យសាធារណៈ ៕ អត្ថបទ៖ទូច សោភ័ណ





