
ទាហានអ៊ីស្រាអែល បានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងជំរំជនភៀសខ្លួន ក្នុងទីក្រុងដ៏ដែលមានប្រជាជនយ៉ាងច្រើន នៅថ្ងៃអង្គារនេះ ខណៈដែលពួកគេ បានពង្រីកប្រតិបត្តិការ នៅទូទាំងតំបន់ហ្កាហ្សាភាគខាងជើង ដែលអ្នកស្រុកគ្មានអគ្គិសនី ទឹក ឬការទទួលបានជំនួយមនុស្សធម៌អស់រយៈពេលជាច្រើនសប្តាហ៍ហើយ។
ឥឡូវនេះ សង្រ្គាមខ្សែជួរមុខនៅក្នុងសប្តាហ៍ទី៧ របស់ខ្លួន បានផ្លាស់ប្តូរទៅកាន់ជំរំ Jabaliya ដែលជាអគារបេតុងដ៏ក្រាស់ នៅជិតទីក្រុងហ្កាហ្សា ដែលមានជនភៀសខ្លួនពីសង្រ្គាមឆ្នាំ ១៩៤៨ ជុំវិញការបង្កើតរបស់អ៊ីស្រាអែល និងកូនចៅរបស់ពួកគេ។ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់នេះអស់រយៈពេលជាច្រើនសប្តាហ៍ ហើយយោធា បាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រមូលផ្តុំគ្នានៅទីនោះ និងក្នុងសង្កាត់មួយចំនួននៅភាគខាងកើត បន្ទាប់ពីត្រូវបានរុញច្រានចេញពីទីក្រុងហ្កាហ្សា។
ឧត្តមនាវីឯក Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល បានកាន់កាប់ជំរំJabaliyaទាំងស្រុង ហើយកំពុងចាប់ផ្តើមរុះរើកងពលតូចហាម៉ាសនៅទីនោះ។ ពុំអាចបញ្ជាក់ដោយឯករាជ្យអំពីព័ត៌មានលម្អិតនៃការប្រយុទ្ធគ្នានោះទេ។
រូបភាពវីដេអូ ដែលចេញផ្សាយដោយយោធា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បង្ហាញពីទាហាន និងរថក្រោះ ដែលកំពុងប្រតិបត្តិការ នៅក្នុងសង្កាត់ទីក្រុងដែលមានប្រជាជនច្រើន ដែលស្ទើរតែគ្រប់អគារទាំងអស់ហាក់ដូចជារងការខូចខាត ឬបំផ្លាញ។