
សាក្សីម្នាក់ ថតបានរូបភាពផ្សែង និងសំណុំផេះ គ្របដណ្តប់លើផ្ទៃមេឃនៅប្រទេសប៉ាពួ ញូវហ្គីណេនាថ្ងៃអង្គារនេះ រយៈពេល ១ថ្ងៃក្រោយភ្នំភ្លើងផ្ទុះនៅលើកោះភាគឦសាន New Britain ។
ថតពីលើជើងហោះហើរឆ្ពោះទៅកាន់កោះ Lihir ចេញពីទីក្រុង Port Moresby វីដេអូ និងរូបថតសន្លឹករបស់សាក្សី ឃើញសំណុំផេះដ៏ធំនៅលើភ្នំភ្លើង Mount Ulawun ហើយនិងតំបន់ជុំវិញទីនោះ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា ភ្នំភ្លើង Mount Ulawun បានផ្ទុះកាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃចន្ទ ដោយព្រួសផ្សែងភ្នំភ្លើងកម្ពស់ ១៥.០០០ម៉ែត្រ ។
ទូរទស្សន៍រដ្ឋ NBC PNG រាយការណ៍ថា នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋមួយចំនួននៅកោះដាច់ស្រយាល New Britain របស់ប៉ាពួ ញូវហ្គីណេ បានត្រៀមជម្លៀសខ្លួនចេញពីតំបន់ជិតភ្នំភ្លើង ខណៈដែលជើងហោះហើរមួយចំនួន ចេញពីអាកាសយានដ្ឋាន Hoskins របស់កោះមួយនេះ ត្រូវបានលុបចោល ។
សូមបញ្ជាក់ថា ប៉ាពួ ញូវហ្គីណេ ស្ថិតនៅលើតំបន់រង្វង់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់ភ្នំភ្លើងរាងជាក្រចកសេះ និងស្ថិតនៅលើគែមមហាសមុទ្រប៉ាស៊ីហ្វិក ៕