
រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានប្រកាសជំនួយយោធាថ្មី ១០០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន អំឡុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកទៅកាន់ទីក្រុងគីវ កាលពីថ្ងៃចន្ទ ហើយលោកបានធានាដល់ក្រុមមន្រ្តីសម្រាប់ការគាំទ្ររយៈពេលយូរអង្វែងរបស់អាមេរិក ស្របពេលមានក្តីកង្វល់កើនឡើងពីនិរន្តរភាពនៃជំនួយដ៏ចាំបាច់របស់សហរដ្ឋអាមេរិក ។
លោក Austinបានប្រកាសកញ្ចប់ជំនួយ រយៈពេល ១ថ្ងៃក្រោយជំនួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន ដោយលោកនិយាយថា វារួមបញ្ចូលទាំងអាវុធប្រឆាំងរថក្រោះ និងប្រព័ន្ធបាញ់ស្កាត់ការពារដែនអាកាស ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយសន្តិសុខជាង ៤៤ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បើកការវាយលុករបស់ពួកគេកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
ដំណើរទស្សនកិច្ចនេះដែរ បានកើតមាន ស្របពេលមានការបែងចែកកាន់តែខ្លាំងនៅក្នុងសភាសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងជំនួយដល់អ៊ុយក្រែន ក្នុងនោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ក្រុមតំណាងរាស្រ្តមួយចំនួនរបស់អាមេរិក ផ្តល់អាទិភាពលើជំនួយដល់អ៊ីស្រាអែល បើទោះបីជាក្រុមមន្រ្តីការពារជាតិសហរដ្ឋអាមេរិក សង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីងតោន អាចគាំទ្រសម្ព័ន្ធមិត្តទាំង ២ ក្នុងពេលដំណាលគ្នាក៏ដោយ ។
ដោយឡែក រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Rustem Umerovនិយាយថា ការគាំទ្រនឹងបន្ត ហើយក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ពួកយើងមាននូវជំនួបក្រុមប្រាស្រ័យទាក់ទងអ៊ុយក្រែន ជាកន្លែងដែលមានវត្តមានរបស់ក្រុមមន្រ្តីមកពីប្រទេសចំនួន ៥០ ។
លោកបន្តថា ដៃគូរបស់ពួកយើង សម្ព័ន្ធមិត្តរបស់ពួកយើង ក្រុមចម្រុះរបស់ពួកយើង នឹងគាំទ្រពួកយើង ។ នោះហើយគឺជាហេតុផលដែលលោកថ្លែងអំណរគុណដល់អ្នកប្រយុទ្ធរាល់រូបថា ពួកយើងដើរលើផ្លូវរួមគ្នាឆ្ពោះទៅរកជ័យជំនះ ជ័យសម្រាប់អ៊ុយក្រែន ជ័យជំនះសម្រាប់វិរបុរស ៕