វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ឆេក Barbora Krejcikova និងកីឡាការិនីរុស្ស៊ី Anastasia Pavlyuchenkova បានឈានឡើងវគ្គផ្ដាច់ព្រ័ត្រ Grand Slam, French Open លើកដំបូងក្នុងអាជីពដូចគ្នា បន្ទាប់ពីយកឈ្នះគូប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្សិលមិញ។

Barbora Krejcikova បានយកឈ្នះការប្រកួតដ៏តានតឹងលើកីឡាការិនីក្រិក Mara Sakkari ដោយលទ្ធផល ២សិតទល់នឹង១ ពិន្ទុ ៧-៥, ៤-៦ មុន Krejcikova យកឈ្នះនៅសិតចុងក្រោយដ៏ស្វិតស្វាញ ៩-៧។ គូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្ររបស់កីឡាការិនីវ័យ ២៥ឆ្នាំរូបនេះគឺកីឡាការិនីរុស្ស៊ី Anastasia Pavlyuchenkova បន្ទាប់ពីកីឡាការិនីវ័យ ២៩ឆ្នាំរូបនេះបានយកឈ្នះកីឡាការិនីស្លូវេនី Tamara Zidansek ៧-៥ និង ៦-៣។
Pavlyuchenkova តាមពិតទៅធ្លាប់ជាជើងឯកនៅ French Open នេះដែរកាលពីអតីតកាល តែក្នុងការប្រកួតផ្នែកយុវជនប៉ុណ្ណោះ។ ព្រឹត្តិការណ៍ French Open ផ្នែកនារីឆ្នាំនេះ អ្នកឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុទ្ធតែថ្មីទាំងអស់ មានន័យថាឆ្នាំនឹងឃើញកីឡាការិនីដែលមិនធ្លាប់ឈ្នះពាននេះសោះលើកពាន Grand Slam លើកដំបូងក្នុងអាជីព៕
អត្ថបទ៖នាង សុភាវុធ