
អាជ្ញាធរប្រទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរមីយ៉ាន់ម៉ា បានប្រគល់ជនសង្ស័យឆបោកតាមបណ្តាញទូរគមនាគមន៍ចំនួនជាង ៣១.០០០នាក់ ទៅឲ្យប្រទេសចិន ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់មកពីប្រទេសទាំងពីរ បានបើកការបង្ក្រាបលើការឆបោកតាមអ៊ីនធឺណិត កាលពីខែកញ្ញា។
ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យរួមមាន ហិរញ្ញធិការី និងមេក្រុមអង្កការឧក្រិដ្ឋកម្មចំនួន ៦៣នាក់ ដែលបានឆបោកពលរដ្ឋចិនក្នុងចំនួនទឹកប្រាក់យ៉ាងច្រើន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា មនុស្សជាង ១០០.០០០នាក់ បានចូលរួមក្នុងការឆបោកតាមបណ្តាញទូរគមនាគមន៍ជារៀងរាល់ថ្ងៃនៅតាមទីតាំងឆបោកយ៉ាងហោចណាស់ ១.០០០កន្លែង នៅសហភាពមីយ៉ាន់ម៉ា ដែលមានព្រំប្រទល់ជាប់ភាគនិរតីប្រទេសចិន។
នគរបាលចិន បានចាប់ផ្តើមបង្ក្រាបការឆបោកកាលពីខែកញ្ញា ហើយនៅខែនេះ នគរបាលបានចាប់ផ្តើមនូវអ្វីដែលពួកគេនិយាយថាជា «ការវាយលុកចូលយ៉ាងរហ័ស» ទៅលើក្រុមជនអន្ធពាលឧក្រិដ្ឋកម្មនៅមីយ៉ាន់ម៉ា។ នគរបាលចិន បាននិយាយថា មេខ្លោងក្រុមឧក្រិដ្ឋជនមីយ៉ាន់ម៉ា បានធ្វើអត្តឃាតកាលពីសប្តាហ៍មុន ខណៈរត់គេចពីអាជ្ញាធរមីយ៉ាន់ម៉ា។ ក្រោយមក សមាជិកបីនាក់នៃក្រុមជនអន្ធពាលរបស់មេខ្លោងរូបនេះ ត្រូវបានប្រគល់ទៅឲ្យនគរបាលចិន។
ដោយមានការឆបោកតាមបណ្តាញទូរគមនាគមន៍នៅសហភាពមីយ៉ាន់ម៉ា ដាក់គោលដៅលើពលរដ្ឋចិនមានការកើនឡើង ឧបការីរដ្ឋមន្ត្រីការបរទេស លោក Nong Rong បានទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងខែនេះដោយនិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយមីយ៉ាន់ម៉ា លើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន រួមមានទាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។