
ប្រភពពីក្រសួងការបរទេសទួរគី បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមដែលទើបបង្កើតថ្មី ដែលបង្កើតឡើងដោយមន្ត្រីជាន់ខ្ពស់មកពីប្រទេសមូស្លីមជាច្រើន នឹងទៅជួបពិភាក្សាជាមួយសមាជិកអចិន្ត្រៃយ៍ចំនួន៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមផ្សេងទៀត ដើម្បីជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្កាហ្សា។
ក្រុមនេះ ត្រូវបានបង្កើតឡើងនៅដើមខែនេះ នៅឯកិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅទីក្រុងរីយ៉ាដ។ ក្រុមនេះ រួមបញ្ចូលទាំងរដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងមកពីប្រទេសទួរគី កាតា អេហ្ស៊ីប ហ្ស៊កដានី នីហ្សេរីយ៉ា អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី អាជ្ញាធរប៉ាឡេស្ទីន ក៏ដូចជាអគ្គលេខាធិការ OIC ផងដែរ។
ប្រភពនោះ បាននិយាយថា ក្រុមនេះ បានចាប់ផ្តើមពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ហើយនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសដទៃទៀតផងដែរ។
ប្រភពដដែល បាននិយាយទៀតថា៖«គោលដៅចម្បងនៃក្រុមទំនាក់ទំនងនេះ គឺដើម្បីបទឈប់បាញ់មួយ ដែលត្រូវបានប្រកាសឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្រាប់ជំនួយមនុស្សធម៌ ដែលត្រូវបានបញ្ជូនទៅតំបន់ហ្កាហ្សា»។