
ក្រសួងការបរទេសចិន និយាយនៅថ្ងៃអង្គារនេះថា វានឹងក្លាយជាកំហុសធ្ងន់ធ្ងរលើវិស័យការទូតអាហ្សង់ទីន បើសិនជាប្រទេសនៅអាមេរិកខាងត្បូងមួយនេះ កាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសធំដូចជាចិន ឬប្រេស៊ីល ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់អាហ្សង់ទីន ។
អនុសាសន៍របស់ក្រសួងការបរទេសចិន បានធ្វើឡើង ក្រោយពេលអាហ្សង់ទីន បោះឆ្នោតជ្រើសរើសលោក Javier Milei ជាប្រធានាធិបតីថ្មីកាលពីថ្ងៃអាទិត្យ ។ ជនសេរីនិយមស្តាំម្នាក់នេះ បានរិះគន់ចិន និងប្រេស៊ីល ដោយលោកនិយាយថា លោកនឹងមិនទាក់ទងជាមួយប្រទេសកុម្មុយនិស្តនោះទេ ហើយលោកចង់បានទំនងទំនងខ្លាំងជាងមុនជាមួយសហរដ្ឋអាមេរិក ។
ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ី បានរាយការណ៍ថា លោកស្រី Diana Mondino ដែលជាសេដ្ឋវិទូ នឹងក្លាយជារដ្ឋមន្រ្តីការបរទេសអាហ្សង់ទីន ក្រោមរដ្ឋបាលរបស់លោក Milei ហើយលោកស្រី និយាយថា ប្រទេសរបស់គាត់នឹងមិនចូលរួមក្រុមប្រទេស BRICS នោះទេដែលជាប្លុកប្រទេសសេដ្ឋកិច្ចរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។
អ្នកស្រី Mao និយាយថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ២របស់អាហ្សង់ទីន ហើយនិងជាទីផ្សារនាំចេញធំបំផុតសម្រាប់ផលិតផលកសិកម្ម ។
អ្នកស្រីបន្តថា ប្រទេសទាំង ២មាននូវការបំពេញបន្ថែមសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ ។ ចិនចង់បន្តធ្វើការជាមួយអាហ្សង់ទីន ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី ៕