
នៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយដោយក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃច័ន្ទ បានអោយដឹងថា ក្រុមឧទ្ទាមហ៊ូធីមកពីប្រទេសយ៉េម៉ែន ត្រូវបានគេឃើញកំពុងសម្រុកចូលទៅលើនាវាដឹកទំនិញ១គ្រឿង ក្នុងសមុទ្រក្រហម។
ក្រុមអ្នកប្រយុទ្ធជាច្រើននាក់ បានបង្ហាញខ្លួន ដោយធ្វើការចុះចតឧទ្ធម្ភាសចក្ររបស់ពួកគេលើនាវានិងបាន ភ្ជង់អាវុធទៅរកក្រុមនាវឹក ហើយបានបញ្ជារអោយពួកគេក្រាបចុះក្រោម។
យោងតាមម្ចាស់នាវាឈ្មោះ ហ្កាល់ឡាក់ស៊ី ម៉ារីថាម(Galaxy Maritime) ដែលត្រូវបានគេចុះបញ្ជីនៅកោះ Isle of Man បានអោយដឹងថា នាវាដែលបានរឹបអូសនេះ ឈ្មោះ ហ្កាល់ឡាក់ស៊ី លីឌើ (Galaxy Leader) ឥឡូវនេះ កំពុងស្ថិតនៅក្នុងតំបន់កំពង់ផែ ហូដេដាស (Hodeidash) ។
ក្រុមចលនាហ៊ូធី បានអះអាង នាវា ហ្កាឡាក់ស៊ី លីឌើនេះ មានការពាក់ព័ន្ធនឹងប្រទេសអ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីស្រាអែល បានបដិសេធចំពោះការចោទនេះ និងបាននិយាយថានាវា ដែលរឹបអូសនេះ គឺមានម្ចាស់ជាជនជាតិអង់គ្លេស ហើយជនជាតិជប៉ុនជាអ្នកធ្វើប្រតិបត្ដិការ។
នាវានេះ មាននាវឹក២៥នាក់ រួមមានជនជាតិជាច្រើនមកពី ប្រទេសប៊ុលហ្គារី អ៊ុយក្រែន ហ្វីលីពីន និងមកពីប្រទេសផ្សេងទៀត។
ការទំនាក់ទំនងទាំងអស់ត្រូវបានកាត់ផ្ដាច់ជាមួយនាវានេះ។
ហ៊ូធី ជាក្រុមមួយមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ដែលបានលេចមុខឡើងជាកម្លាំងយោធាមួយដ៏ធំ នៅក្នុងឧបទ្វិបអារ៉ាប់។ កាលពីសប្ដាហ៍មុន មេដឹកនាំក្រុមនេះ បាននិយាយថា ពួកគេនឹងដាក់គោលដៅទៅលើនាវាអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ហើយបាននិយាយថា ការវាយប្រហារនឹងបន្ដធ្វើរហូតទាល់តែការឈ្លានពានរបស់
អ៊ីស្រាអែល ដោយចង់សំដៅ សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស ក្នុងតំបន់ហ្កាស្រ្ទីប ត្រូវតែបញ្ឈប់ជាបន្ទាន់។
សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានប្រឆាំងនឹងការរឹបអូសនាវានេះ។សហរដ្ឋអាមេរិកនិយាយថា នេះជាការបំពានច្បាប់អន្ដរជាតិ និងបានទាមទារអោយក្រុមហ៊ូធី ដោះលែងនាវានិងក្រុនាវឹករបស់នាវានេះមកវិញជាបន្ទាន់ ៕