
ប្រទេសចិន នៅថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) បានអំពាវនាវឲ្យមានការពិភាក្សាអំពីបញ្ហាឧបទ្វីបកូរ៉េ បន្ទាប់ពីនាវាផ្ទុកយន្តហោះអាមេរិក Carl Vinson បានទៅដល់កំពង់ផែ ក្នុងទីក្រុង Busan របស់កូរ៉េខាងត្បូង នៅក្នុងអ្វី ដែលកងទ័ពជើងទឹកកូរ៉េខាងត្បូង បានប្រាប់ថា គឺជាការបង្ហាញពីការទប់ស្កាត់បន្ថែមទៀតប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ការទៅដល់របស់នាវាផ្ទុកយន្តហោះនោះ កើតឡើងស្របពេលដែលកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនថា ខ្លួនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបតាមផ្លូវនៃសមុទ្រលឿង និងសមុទ្រចិនខាងកើត នៅចន្លោះថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) ដល់ថ្ងៃទី១ ខែធ្នូ ជាអ្វី ដែលទីក្រុងតូក្យូ និងសេអ៊ូល បានប្រាប់ថា អាចជាការប៉ុនប៉ងលើកទី៣ ដើម្បីបញ្ជូនផ្កាយរណបចារកម្មចូលទៅក្នុងគន្លងតារាវិថី ដោយការបាញ់នោះរំលោភលើបម្រាមរបស់អង្គការសហប្រជាជាតិ។
យ៉ាងណាក្ដី អំឡុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិនបានអំពាវនាវឲ្យភាគីពាក់ព័ន្ធកាត់បន្ថយភាពតានតឹង និងចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ការដោះស្រាយផ្នែកនយោបាយនៃបញ្ហានេះ។
ការជូនដំណឹងរបស់កូរ៉េខាងជើង ធ្វើឡើង បន្ទាប់ពីខ្លួនបានបរិហារកាលពីថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) ចំពោះការលក់មីស៊ីលរាប់រយគ្រប់នាពេលខាងមុខរបស់សហរដ្ឋអាមេរិកទៅឲ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយហៅការលក់នោះថា ជាទង្វើដ៏គ្រោះថ្នាក់ និងប្តេជ្ញាបង្កើនការទប់ស្កាត់ និងឆ្លើយតបទៅនឹងភាពតានតឹង ដែលត្រូវបានធ្វើឲ្យកើនឡើងនេះ៕