ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ដឹកនាំដោយលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណ និងថ្លែងការកោតសរសើរចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានគាំទ្របេសកកម្មកន្លងមករបស់អង្គការក្នុងការការពារព្រៃភ្នំក្រវាញ តួយ៉ាងដូចជាគម្រោងសាងសង់ផ្លូវជាតិលេខ១០ នៅក្នុងអាណត្តិទី៦ ដែលខ្សែផ្លូវនេះត្រូវបានស្ថាបនាឡើងដោយបានគិតគូយ៉ាងហ្មត់ចត់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ព្រៃឈើក្នុងតំបន់ភ្នំក្រវាញ។
សូមជម្រាបថាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ២០០០ តាមរយៈការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សព្រៃភ្នំក្រវាញ៕ ដោយ ៖ ឧត្ដម





