
មន្ត្រីអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) នេះ ថា មនុស្ស ៣នាក់ បានស្លាប់ និង ៨នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅពេលយប់ និងការបាញ់ផ្លោងនៅតំបន់ Donetsk និង Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ihor Klymenko បានឲ្យដឹងនៅលើសេវាផ្ញើសារ Telegram ថា មីស៊ីលបានវាយប្រហារចំមន្ទីរពេទ្យមួយ ក្នុងទីក្រុង Selydove នៃតំបន់ Donetsk និងចំអណ្តូងរ៉ែធ្យូងថ្ម។
ក្រោយមក ការិយាល័យរដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលសន្មត់ថា ដោយមីស៊ីល S-300។ ហើយលោក Klymenko បានឲ្យដឹងបន្ថែមថា កម្មករម្នាក់បានស្លាប់នៅក្នុងការវាយប្រហារត្រូវអណ្តូងរ៉ែធ្យូងថ្មនោះ។
ការលុកលុយរបស់កងកម្លាំងរុស្ស៊ី បានកាន់កាប់ភាគច្រើននៃតំបន់ Donetsk ហើយរុស្ស៊ីបាននិយាយថា ខ្លួនមានបំណងកាន់កាប់តំបន់នេះទាំងមូល។ អភិបាលតំបន់ លោក Oleh Synehubov បាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ផ្លោងរបស់រុស្ស៊ី នៅក្រុងទីក្រុង Kharkiv៕