ភ្នំពេញ៖ ឯកឧត្តម សាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំង គឺជាវិធានការសំខាន់ណាស់សម្រាប់ការពារជំងឺកូវីដ១៩។
ការថ្លែងរបស់ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាឱកាសចុះពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្នុងមូលដ្ឋានខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។ឯកឧត្តម រដ្ឋមន្រី្ត បន្តថា ខណៈដែលប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ៗគ្នា គឺបានកាត់បន្ថយហានិភ័យ ក្នុងករណីដែលឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនឲ្យឈឺធ្ងន់ និងចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ។ ដូច្នេះ វាស្ថិតនៅលើការប្រតិបតិ្តរបស់បុគ្គលម្នាក់ៗ ព្រោះថារាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានផ្សព្វផ្សាយព័ត៌មានជូនសព្វគ្រប់ អំពីរបៀបរបបរស់នៅតាមរបៀបថ្មី ក្នុងបរិបទកូវីដ-១៩នេះ។ ដូច្នេះនៅសល់តែបងប្អូនប្រជាពលរដ្ឋនោះទេ ដែលត្រូវប្រតិបត្តិ គឺត្រូវចូលរួមចាក់ថ្នាំបង្ការហើយ និងត្រូវប្រតិបតិ្តគោលការណ៍៣ការពារ ៣កុំ។
ជាចុងក្រោយឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាកុំជួបជុំគ្នា ព្រោះសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែជួបជុំគ្នា និងមិនព្រមពាក់ម៉ាស់។ ដូច្នេះត្រូវតែប្រុងប្រយ័ត្ន ព្រោះថាវីរុសកូវីដ-១៩ វាមិនស្គាល់អ្នកណានោះទេ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារបាន នឹងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕ អត្ថបទ រដ្ឋា