យោងតាមមន្ត្រីរដ្ឋាភិបាល ចំនួនអ្នកស្លាប់ពីទឹកជំនន់ដ៏គំហុកបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសសូម៉ាលី បានកើនឡើងដល់៥០នាក់ ខណៈមនុស្សជិត៧០ម៉ឺននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន ។
មន្ត្រីខាងលើនិយាយថា ខណៈភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ គេរំពឹងថាស្ថានភាពលំបាករបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ នឹងកាន់តែដុនដាបខ្លាំងថែមទៀត។
លោក មហាម៉ូដ ម៉ូលីម អាប់ឌូឡាហី (Mohamud Moalim Abdullahi ) នាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសូម៉ាលីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា មនុស្ស ៥០ នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ ខណៈ មនុស្ស៦៨៧.២៣៥នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
ភ្លៀងធ្លាក់ដែលរំពឹងទុកនៅចន្លោះថ្ងៃទី ២១ និង ២៤ខែវិច្ឆិកា អាចនាំឱ្យមានទឹកជំនន់បន្ថែមទៀតដែលអាចបណ្តាលឱ្យមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ ។
តំបន់ញ៉កអាហ្វ្រិក(Horn of Africa)កំពុងជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដោយសារបាតុភូតអាកាសធាតុអេលនីញ៉ូ (El Nino) ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបណ្តាលឱ្យមានការចល័តទីលំនៅទ្រង់ទ្រាយធំ រួមទាំងនៅក្នុងប្រទេសសូម៉ាលី ជាទីដែលភ្លៀងបានបំផ្លាញស្ពាន និង ជន់លិចតំបន់លំនៅឋានប្រជាជន។
គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានមហន្តរាយដ៏លំបាក ដល់រាប់រយពាន់នាក់ដែលបានបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ឬសត្វ និងដំណាំរបស់ពួកគេ ដោយបន្ថែមថាមនុស្សជាង ១,៧ លាននាក់កំពុងត្រូវការជំនួយសង្រ្គោះបន្ទាន់៕


