ត្បូងឃ្មុំ ៖ គិតមកដល់សប្តាហ៍ទី៣ នៃខែវិច្ឆិកានេះប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែក្នុងខេត្តត្បូងឃ្មុំ បានបន្តប្រមូលផលស្រូវវស្សាជាមួយតម្លៃប្រសើរជាងឆ្នាំមុនពោលគឺ១គីឡូក្រាមសើមថ្លៃចន្លោះពី១១០០រៀល ទៅ១២២០ រៀល ខណៈប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ក៏កំពុងញ៉ាប់ដៃជើង សាបព្រោះក្រោយទឹកស្រកទៅវិញផងដែរ។
លោក ផល ផៃ រស់នៅឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា ជាទូទៅគ្រួសាររបស់គាត់ធ្វើស្រូវធ្ងន់ពោលគឺ១ឆ្នាំធ្វើតែម្តងនោះទេ ព្រោះប្រភេទស្រូវដែលគាត់ធ្វើគឺមានអាយុកាល ៦ខែ ទើបប្រមូលផល។ លោកថា សម្រាប់ឆ្នាំនេះស្រូវមានតម្លៃថ្លៃជាងឆ្នាំមុនបន្តិច ពោលប្រភេទស្រូវធ្ងន់១គីឡូក្រាមសើមលក់បាន ១២២០ ប្រភេទស្រូវចម្រុះធម្មតា និងមានតម្លៃខ្ពស់ ឬទាបជាងនេះតាមប្រភេទស្រូវ ។
លោកបន្តថា ឆ្នាំនេះស្រូវរបស់លោក ក៏ដូចជាបងប្អូនផ្សេងៗទៀតមិនសូវបានទិន្នផលល្អនោះទេ ដោយសារចុងរដូវវស្សានេះមានភ្លៀងធ្លាក់ច្រើន ទឹកដក់ក្នុងស្រែ ធ្វើឳ្យស្រូវដួល ពិបាក់ច្រូតកាត់ បាត់ទិន្នផលច្រើន ។ តែយ៉ាងណាតម្លៃនេះលោកថា ទទួលបានប្រាក់ចំណេញតិចតួចប៉ុណ្ណោះព្រោះការងារធ្វើស្រែសព្វថ្ងៃត្រូវចំណាយច្រើន លើជី ថ្នាំ ថ្លៃឈ្នួលភ្ជួររាស់ ច្រូតកាត់ ជាដើម ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋផ្សេងទៀត ក៏បានរៀបរាប់ឱ្យដឹងដែថា ឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនពេក ពិសេសពេលស្រូវទុំតែម្តង ធ្វើឱ្យស្រូវដួលពិបាកច្រូត និងធ្វើឱ្យបាត់បង់ទិន្នផលខ្លះ តែយ៉ាងណាឆ្នាំនេះស្រូវមានតម្លៃខ្ពស់ជាងឆ្នាំមុន ដែលធ្វើឱ្យពួកគាត់ អាចទទួលបានប្រាក់ចំណេញខ្លះសម្រាប់ដោះស្រាយជីវភាពគ្រួសារ ។
បើតាមរបាយការរបស់មន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខេត្តត្បូងឃ្មុំទាំងមូលស្រូវស្រាលបានចំនួន ៣៩៨០ តោន ដែលទិន្នផល ជាមធ្យមក្នុង១ហិកតាបាន ៤,៤៥ តោន , ស្រូវកណ្តាលបានចំនួន ២៥,៥៨០ តោន ដែលទិន្នផល ជាមធ្យមក្នុង១ហិកតាបាន ៣,៣៨ តោន៕

