ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានបង្ហាញការព្រួយបារម្ភចំពោះគ្រោះថ្នាក់រីករាលដាលនៅក្នុងសហគមន៍ជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេសប៉ាគីស្ថាន ដែលអាជ្ញាធរកំពុងធ្វើការស្វែងរកដើម្បីប្រមូលផ្តុំ និងបណ្តេញចេញជនបរទេសដែលគ្មានឯកសារ។

កាលពីខែមុន ទីក្រុង Islamabad បានប្រកាសថា ទីក្រុងនឹងបណ្តេញចេញជនភៀសខ្លួនគ្មានឯកសារជាងមួយលាននាក់ ភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ក្នុងពេលមានជម្លោះជាមួយទីក្រុងKabul ជុំវិញការចោទប្រកាន់ថា ទីក្រុងនេះផ្តល់ទីជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងប្រទេសប៉ាគីស្ថាន។ ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៧០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី ១ ខែតុលា។ ប្រទេសប៉ាគីស្ថាននិយាយថា ជនភៀសខ្លួនមានឯកសារត្រូវបានលើកលែង ប៉ុន្តែស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ទោះបីជាជនភៀសខ្លួនមានឯកសារត្រឹមត្រូវក៏ដោយ ក៏ត្រូវបានគេកំណត់គោលដៅផងដែរ។

លោកស្រី Philippa Candle អ្នកតំណាងប្រចាំប្រទេសប៉ាគីស្ថានរបស់អង្គការ UNHCR បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «សេចក្តីប្រកាស និងសកម្មភាពតាមដាន រួមទាំងរបាយការណ៍នៃការបំភិតបំភ័យធ្វើឡើងដោយអាជ្ញាធរតំបន់ និងការបណ្តេញចេញដោយម្ចាស់ទឹកដី បានធ្វើឱ្យមានការភ័យខ្លាច។
លោកស្រី បាននិយាយសារជាថ្មីថា ការវិលត្រឡប់របស់ជនជាតិអាហ្វហ្គានីស្ថាន គួរតែធ្វើឡើងដោយស្ម័គ្រចិត្ត ហើយប្រទេសប៉ាគីស្ថាន គួរតែកំណត់អត្តសញ្ញាណបុគ្គលងាយរងគ្រោះដែលត្រូវការ ការការពារពីអន្តរជាតិ។ ប្រទេសប៉ាគីស្ថាន បានបន្តប្រតិបត្តិការស្វែងរកនៅក្នុងទីក្រុងនានា ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពជនភៀសខ្លួន ដែលភាគច្រើនបានមករស់នៅក្នុងប្រទេសប៉ាគីស្ថាន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។