មន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហាចំនួនពីរលើក នៅក្នុងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលនេះជាការឆ្លើយតបជាសាធារណៈលើកដំបូងរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ចំពោះការវាយប្រហារថ្មីៗជាច្រើនប្រឆាំងនឹងទាហានរបស់ខ្លួន នៅក្នុងតំបន់នេះ។

រហូតមកដល់សប្តាហ៍នេះ សហរដ្ឋអាមេរិក មានការស្ទាក់ស្ទើរក្នុងការសងសឹកនៅអ៊ីរ៉ាក់ ដោយសារតែស្ថានការណ៍នយោបាយមានភាពស្មុគស្មាញ នៅទីនោះ។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាម៉េដ សៀ អាល់ ស៊ូដានី (Mohammed Shia Al-Sudani) បានកម្រិតគ្រប់គ្រងលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលការគាំទ្ររបស់ពួកគេ លោកត្រូវការ ដើម្បីទទួលបានអំណាច កាលពីមួយឆ្នាំមុន ហើយដែលឥឡូវនេះ បង្កើតប្លុកដ៏មានឥទ្ធិពលមួយ នៅក្នុងក្រុមចម្រុះគ្រប់គ្រងរបស់លោក។

យោធាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ បានកំណត់គោលដៅទីតាំងចំនួនពីរ នៅក្នុងប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«ការវាយប្រហារនេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះដោយអ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់»។