ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅប្រទេសលីបង់ភាគខាងត្បូងកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស៨នាក់ ក្នុងនោះមានអ្នកកាសែតពីរនាក់ មកពីទូរទស្សន៍ Al-Mayadeen ដែលមានមូលដ្ឋាន នៅទីក្រុងបេរូត ក្នុងអំពើហិង្សាដែលកំពុងបន្ត នៅព្រំដែនលីបង់-អ៊ីស្រា អែល។

ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល មានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ដែលភាគច្រើនរវាងអ៊ីស្រាអែល និងចលនាហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែក៏មានក្រុមប៉ាឡេស្ទីនផងដែរ ដែលបង្កើនការភ័យខ្លាចនៃការផ្ទុះអាវុធកាន់តែធំឡើង។

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា៖«ការស្លាប់របស់ពលរដ្ឋបីនាក់ អ្នកកាសែតពីរនាក់ និងជនស៊ីវិលម្នាក់ទៀត នៅក្នុងការទម្លាក់គ្រាប់បែករបស់សត្រូវទៅលើតំបន់ Tair Harfa។
ទូរទស្សន៍ Al-Mayadeen បានឲ្យដឹងថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួនឈ្មោះ Farah Omar មានវ័យ២៥ ឆ្នាំ និងអ្នកថតរូបឈ្មោះ Rabih Maamari មានវ័យ៤០ឆ្នាំ ត្រូវបានសម្លាប់។
កងទ័ពលីបង់ ក៏បាននិយាយដែរថា អ្នកទាំងបី ត្រូវបានសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់សត្រូវ។
យោធាអ៊ីស្រាអែល បាននិយាយថា៖«ទាហាន បានធ្វើប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែង» ពី «តំបន់បាញ់បង្ហោះ»របស់ក្រុមហេសបូឡា នៅក្នុងតំបន់ Jebbayn នៅជិតតំបន់Tair Harfa។