ចិន៖ ផ្ទៃពោពេញដោយធូលី និងដុំថ្មរបស់ភពព្រះអង្គារ និងរូបយន្តដោតទង់ជាតិចិន ត្រូវបានមើលឃើញនៅក្នុងរូបភាពដែលបានបញ្ចេញនៅថ្ងៃសុក្រ ពេលដែលរូបយន្តកំពុងប្រតិបត្តិនៅលើភពដីក្រហមមួយនេះ។
រូបភាព៤សន្លឹក ដែលបញ្ចេញដោយរដ្ឋបាលអវកាសជាតិចិន(CNSA) បង្ហាញឲ្យឃើញផងដែរផ្នែកខាងលើនៃរូបយន្ត Zhurong និងទិដ្ឋភាពពីលើរូបយន្ត មុនពេលវាចុះពីជើងទម្រ។
CNSA បាននិយាយថា រូបយន្ត Zhurong បានដាក់កាមេរ៉ាបញ្ជានៅចម្ងាយប្រហែល ១០ម៉ែត្រពីជើងទម្រ បន្ទាប់មកដកយកមកថតបញ្ឈរ។
គួរឲ្យដឹងថា ចិនបានចុះចតយានអវកាស Tianwen-1 ដែលផ្ទុករូបយន្តនៅលើភពព្រះអង្គារ កាលពីខែមុន ក្រោយចំណាយពេល៣ខែ គោចរតាមគន្លងជុំវិញភពដីក្រហមមួយនេះ។
ចិនគឺជាប្រទេសទី២ ដែលបានចុះចត និងប្រតិបត្តិការយានអវកាសនៅលើភពព្រះអង្គារ បន្ទាប់ពីសហរដ្ឋអាមេរិក។
ក្នុងកម្ពស់ ១.៨៥ម៉ែត្រ រូបយន្ត Zhurong តូចជារូបយន្ត Perseverance របស់សហរដ្ឋអាមេរិក ដែលបានរុករកភពព្រះអង្គារជាមួយនឹងឧទ្ធម្ភាគចក្រខ្នាតតូច។
អង្គការ NASAរបស់សហរដ្ឋអាមេរិក រំពឹងថា រូបយន្តរបស់ពួកគេមួយនេះ នឹងប្រមូលបានគំរូដំបូងនៅក្នុងខែកក្កដាខាងមុខ សម្រាប់ការវិលត្រឡប់មកកាន់ផែនដីវិញឲ្យបានឆាប់នៅក្នុងឆ្នាំ ២០៣១៕ អត្ថបទ៖ សារ៉ាត់