កូរ៉េខាងត្បូង នៅថ្ងៃពុធ (២២ វិច្ឆិកា) នេះ បានចាត់វិធានការផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធា ដែលខ្លួនបានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨ ហើយសកម្មភាពឃ្លាំមើលពីលើអាកាសនៅជិតព្រំដែនជាមួយកូរ៉េខាងជើង នឹងបន្តឡើងវិញ បន្ទាប់ពីកូរ៉េខាងជើង បានផ្គើននឹងការព្រមានពីសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្ត ហើយបានបាញ់បង្ហោះផ្កាយរណបចារកម្ម ដោយហៅការបាញ់បង្ហោះនោះថាជាភាពជោគជ័យ។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន ដាក់សូ (Han Duck-soo) បានរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធនេះ ហើយបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋាភិបាលកំពុងធ្វើការឆ្ពោះទៅមុខដើម្បីផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ។

កូរ៉េខាងជើងបាននិយាយថា ខ្លួនបានដាក់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួននៅក្នុងគន្លងតារាវិថីកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ហើយបានប្តេជ្ញាថា នឹងបាញ់បង្ហោះបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ រូបថតដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បង្ហាញពីអ្វីដែលហាក់ដូចជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងអង្កេតមើលការបាញ់បង្ហោះរ៉ូកែតដ៏កាចសាហាវពីមូលដ្ឋានបាញ់បង្ហោះមួយ។

សន្ធិសញ្ញាដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ និងមានគោលបំណងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូល ឆ្នាំ២០១៨ រវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន (Moon Jae-in) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un)។
ភាគីទាំងពីរបានព្រមព្រៀងគ្នាដាក់តំបន់ការពារ ជាទីដែលសមយុទ្ធបាញ់គ្រាប់ពិតនឹងត្រូវផ្អាក ក៏ដូចជាតំបន់ហាមហោះហើរ ដកប៉ុស្តិ៍យាមមួយចំនួនចេញពីតំបន់គ្មានយោធាដែលខណ្ឌប្រទេសទាំងពីរ និងរក្សាបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ក្នុងចំណោមវិធានការផ្សេងទៀត៕