ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយេវ (Ilham Aliyev) បានចោទប្រកាន់ប្រទេសបារាំង កាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ថា បានបង្កើតលក្ខខណ្ឌសម្រាប់សង្រ្គាមថ្មីមួយនៅតំបន់កូកាសខាងត្បូង ដោយផ្គត់ផ្គង់អាវុធដល់ប្រទេសអាមេនី។

លោក អាលីយេវ បានប្រើសុន្ទរកថានៅក្នុងសន្និសិទស្តីពីការកាត់អាណានិគមនៅទីក្រុងបាគូ ដើម្បីបង្ហាញពីទិដ្ឋភាពដ៏អាក្រក់ប្រឆាំងនឹងប្រទេសបារាំង ដែលបាននិយាយកាលពីខែមុនថា ខ្លួនបានយល់ព្រមលើកិច្ចសន្យាថ្មីដើម្បីផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍យោធាដល់អាមេនី។

លោក អាលីយេវ បាននិយាយថា «ប្រទេសបារាំង មិនត្រឹមតែកំពុងធ្វើឱ្យមានអស្ថិរភាពដល់អតីតអាណានិគម និងអាណានិគមបច្ចុប្បន្នរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យដល់តំបន់របស់យើងផងដែរ គឺតំបន់កូកាសខាងត្បូងទាំងមូល ដោយគាំទ្រដល់និន្នាការផ្តាច់ខ្លួន និងចលនាបំបែកខ្លួន។ តាមរយៈការផ្គត់ផ្គង់អាវុធដល់អាមេនី បារាំងអនុវត្តគោលនយោបាយយោធានិយម លើកទឹកចិត្តកងកម្លាំងប្រយុទ្ធនៅក្នុងប្រទេសអាមេនី ព្រមទាំងក្រាលផ្លូវសម្រាប់ការចាប់ផ្តើមនៃសង្រ្គាមថ្មីនៅក្នុងតំបន់ផងដែរ»។

អាមេនី និងអាស៊ែបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្រ្គាមចំនួនពីរ ក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែលោក អាលីយេវ បានទទួលជ័យជម្នះដ៏ធំមួយនៅក្នុងខែកញ្ញា ដោយការដណ្តើមយកការគ្រប់គ្រងតំបន់ការ៉ាបាក់ នៃប្រទេសអាស៊ែបៃហ្សង់ ឡើងវិញ ជាទីដែលជនជាតិដើមអាមេនី ទទួលបានឯករាជ្យជាក់ស្ដែងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ហើយពលរដ្ឋទាំងនោះជាង ១០ម៉ឺននាក់ បានភៀសខ្លួនទៅអាមេនី៕