យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការល្បាតរួមគ្នាកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ដែលជាសកម្មភាពមួយទំនងជាជំរុញឱ្យមានភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន នេះបើយោងតាមក្រុមមន្ត្រីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ប្រតិបត្តិការចូលរួមផ្នែកសន្តិសុខរវាងសម្ព័ន្ធមិត្តនៃសន្ធិសញ្ញាទាំងពីរនេះ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ រួមទាំងការសម្រេចបង្កើនមូលដ្ឋានទ័ពហ្វីលីពីន ស្ទើរតែទ្វេដងដែលយោធាអាមេរិកអាចប្រើប្រាស់បាន និងសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានកាលពីខែមេសា។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា សមយុទ្ធដែនអាកាស និងដែនសមុទ្ររួមគ្នារយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ គឺជា «គំនិតផ្តួចផ្តើមដ៏សំខាន់» ក្នុងការជំរុញអន្តរប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យោធាហ្វីលីពីនបាននិយាយថា នាវាកងទ័ពជើងទឹកចំនួនបីគ្រឿង យន្តហោះចម្បាំងធុនស្រាល FA-50 ចំនួនពីរគ្រឿង និងយន្តហោះវាយប្រហារធុនស្រាល A-29B Super Tucano មួយគ្រឿង នឹងចូលរួមប្រតិបត្តិការនោះ ខណៈដែលសហរដ្ឋអាមេរិក នឹងបញ្ជូននាវាចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ P8-A Poseidon ព្រមទាំងយន្តហោះឈ្លបយកការណ៍ដើម្បីចូលរួម។

ការល្បាត ដែលទំនងជាធ្វើឱ្យចិនខឹងនេះ គឺជាសញ្ញាមួយដែលហ្វីលីពីនកំពុងបង្កើនជំហរការពាររបស់ខ្លួនស្របពេលដែលខ្លួនបានពណ៌នាថាមាន «សកម្មភាពឈ្លានពាន» របស់ចិន នៅក្នុងដែនទឹកយុទ្ធសាស្ត្រដែលត្រូវបានគេមើលឃើញថាជាចំណុចនៃភាពតានតឹងដ៏មានសក្តានុពលរវាងសហរដ្ឋអាមេរិក និងចិន៕