ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ តុលា ២០២០នេះ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ពីសប្បុរសជនចំនួន៣ក្រុមហ៊ុន រួមមានអង្ករ និងថវិកា ទី១ ពីកញ្ញា មាស ពួយហ្កិច អគ្គនាយិការងក្រុមហ៊ុនផលិតបំពង់ទីបជ័រ KAP ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) និងអង្ករចំនួន១០តោន, ទី២ ទទួលពីឧបាសិកា ឌុក នឿន នូវថវិកា៥០០ដុល្លារ និងអង្គរ១តោន, និងទី៣ទទួលពីក្រុមហ៊ុន SIGNARE JEWELLRY CO.,LTD នូវអង្ករ៣តោត សម្រាប់បម្រើដល់សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងស្ថានភាពគ្រោះទឹកជំនន់រហ័សនាពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ មកឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។
ឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់ នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយ សង្គ្រោះប្រជាពលរដ្ឋ ឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។
ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
សូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ–១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។
ទន្ទឹមនឹងនេះដែរ ម្ចាស់អំណោយទាំង៣ខាងលើ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យចូលរួមចំណែកការងារមនុស្សធម៌ និងចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់អ្នក ដែលត្រូវការជំនួយជាចាំបាច់ ជាពិសេសអ្នកដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ៕ អត្ថបទ៖ សម ងីម
