បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. បានបញ្ជាក់ថា គិតក្នុងរយៈពេលជិត ៤ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនចំនួនសរុបជាង ៦លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៅក្នុងពិធីផ្សព្វផ្សាយ ស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានធ្វើសេចក្តីរាយការណ៍ថា តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឲ្យបានល្អ និងកាន់តែមានភាពងាយស្រួល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកម្មការនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យាជាស្រ្តីសម្រាលកូនចំនួន ១ម៉ឺន ៩ពាន់ ១៨នាក់ ក្នុងនោះកូនចំនួន ១ម៉ឺន ៩ពាន់ ១៥១នាក់ ដោយបានទៅពិនិត្យសុខភាពមុន ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុបចំនួន ៥ម៉ឺន ៩ពាន់ ៧៨នាក់ ដែលគ្រាន់តែជិត ៤ខែនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៦លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តម បានបន្តថា តាមរយៈគោលនយោបាយប្រាក់ឧបត្ថម្ភនេះ សបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលមិនត្រឹមគិតគូរទៅដល់កម្មករនិយោជិតដែលកំពុងធ្វើការងារនោះទេ ថែមទាំងបានគិតគូរទៅដល់សុខភាព និងការរីកលូតលាស់នៃកូនរបស់កម្មករនិយោជិតផងដែរ ដែលធ្វើឲ្យកម្មករនិយោជិតកាន់តែមានជំនឿ និងជឿជាក់ទៅលើការរីកចម្រើនលូតលាស់របស់កូនទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ក្រៅពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូននេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណិត្តទី៧ នៃរដ្ឋសភា បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាក់ព័ន្ធ និងតំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រ ដើម្បីគិតអំពីយន្តការ នៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករ កម្មការិនី បានយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ៕ អត្ថបទ៖ ឈិត បូរ៉ាវី



