វិទ្យាស្ថានដើម្បីពីសិក្សាសង្គ្រាម (ISW) បាននិយាយនៅក្នុងរបាយការណ៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា របស់ខ្លួនថា យុទ្ធសាស្ត្រធ្វើសង្គ្រាមចម្រុះរបស់ទីក្រុងម៉ូស្គូ នៅតាមព្រំដែនហ្វាំងឡង់-រុស្ស៊ី ទំនងជាជាផ្នែកមួយនៃគោលដៅដ៏ទូលំទូលាយ ដើម្បីបង្កអស្ថិរភាពលើប្រទេសសមាជិកមួយចំនួនរបស់អង្គការណាតូ នៅជិតព្រំដែនរុស្ស៊ី។

ISW បាននិយាយថា ភាពតានតឹងបច្ចុប្បន្នរវាងប្រទេសរុស្ស៊ី និងហ្វាំងឡង់ ភាគច្រើនជាលទ្ធផលនៃវិស្វកម្មរបស់រុស្ស៊ី គឺវិបត្តិជនអន្តោប្រវេសន៍សិប្បនិម្មិត នៅព្រំដែននៃប្រទេសហ្វាំងឡង់។
ប្រទេសហ្វាំងឡង់ បានចាប់ផ្តើមបិទច្រកព្រំដែន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ហើយបានប្រកាសផែនការសាងសង់របងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី នៅថ្ងៃទី១៩ ខែវិច្ឆិកា។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីអាជ្ញាធរហ្វាំងឡង់ បានរាយការណ៍ពីការហូរចូលនៃអ្នកស្វែងរកសិទ្ធិជ្រកកោន នៅព្រំដែនភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃទី១២ ខែវិច្ឆិកា។

រដ្ឋាភិបាលហ្វាំងឡង់ បានចោទរុស្ស៊ីពីបទរៀបចំឲ្យមានវិបត្តិជនអន្តោប្រវេសន៍។
អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់ព្រំដែនប្រទេសហ្វាំងឡង់ គឺជាជនភៀសខ្លួន និងជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសរុស្ស៊ីពីប្រទេសទីបី ដូចជាអ៊ីរ៉ាក់ ស៊ីរី ទួរគី និងសូម៉ាលី។