យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី ២១ ខែវិច្ឆិកា បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រៀបធៀបការយកធនធានស្បៀងអាហារធ្វើជាអាវុធរបស់ជនផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន ទៅនឹងអំពើឃោរឃៅរបស់លោក Joseph Stalin ក្នុងអំឡុងពេលធ្វើឲ្យមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ។
ក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Thomas-Greenfield បាននិយាយថា លោកPutin ដូចជាលោក Stalin ដែរ បានប្រើប្រាស់ស្បៀងអាហារធ្វើជាអាវុធក្នុងសង្គ្រាម ហើយគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ បានក្លាយជារឿងគួរប្រុងប្រយ័ត្ន អំពីអ្វីដែលកើតឡើងនៅពេលដែលយើងអនុញ្ញាតឱ្យអំពើឃោរឃៅ និងអំណាចផ្តាច់ការ មិនអាចត្រូវបានពិនិត្យ។ គ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ជាទុរ្ភិក្សបង្កើតឡើងដោយមនុស្ស បណ្តាលឲ្យពលរដ្ឋអ៊ុយក្រែនប្រមាណពី ២,៥ ទៅ ៥ លាននាក់ស្លាប់ ដែលបានកើតឡើងអំឡុងអាណត្តិរបស់លោក Joseph Stalin ជាអគ្គលេខាធិការនៃសហភាពសូវៀត។

លោក Matthew Hollingworth នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសអ៊ុយក្រែន បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខតាមរយៈសន្និសីទវីដេអូ ទាក់ទងនឹងវិបត្តិស្បៀងអាហារថា ប្រជាជនអ៊ុយក្រែន កំពុងត្រូវបានកាត់ផ្តាច់មិនឲ្យមានដំណើរការទីផ្សារ ដើម្បីទិញស្បៀងអាហារ ហើយកសិករកំពុងរាយការណ៍ថា ពួកគេមិនអាចផលិតស្បៀងបានគ្រប់គ្រាន់នោះទេ ដែលជាស្ថានភាពមានផលប៉ះពាល់ខ្លាំង នៅក្នុងនិងក្រៅប្រទេសអ៊ុយក្រែន។ ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី ទៅលើកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិ បានគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។

យោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឱ្យដឹងថា មានការវាយប្រហាររបស់រុស្សីចំនួន ៣១លើកដែលបានចងក្រងជាឯកសារ ទៅលើទីតាំងផលិតគ្រាប់ធញ្ញជាតិសំខាន់ៗ ចាប់តាំងពីរុស្ស៊ី បានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ កាលពីខែកក្កដា។