បារាំង៖ ប្រធានាធិបតីបារាំង លោមអេមម៉ានូអែល ម៉ាក្រុង បានស្វាគមន៍ព័ត៌មានដ៏អស្ចារ្យ គឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19ចំនួន ៥០០លានដូស ដល់បណ្តាប្រទេសក្រីក្របំផុតនៅលើពិភពលោក ហើយលោកនិយាយថា អឺរ៉ុប គួរតែធ្វើបែបនេះដូចគ្នា។
នៅក្នុងសន្និសីទសារព័ត៌មាន លោកម៉ាក្រុង បាននិយាយថា សហភាពអឺរ៉ុប គួរតែមានមហិច្ឆតាដូចជាសហរដ្ឋអាមេរិក ហើយគួរតែប្រកាសស្រដៀងគ្នា។
លោកម៉ាក្រុង បានបន្តទៀតថា កាលបរិច្ឆេតចែកចាយ ត្រូវការកំណត់ឲ្យបានច្បាស់លាស់។
លោកនិយាយថា វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការនិយាយពីចំនួនដូសដែលពួកយើងត្រូវចែកចាយនៅខែក្រោយ ជាជាងការសន្យាចែកចាយក្នុងរយៈពេល១ឆ្នាំកន្លះទៀត ចាប់ពីពេលឥឡូវនេះទៅ។
ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក នឹងទិញ ហើយនិងបរិច្ចាគវ៉ាក់សាំង ៥០០លានដូសរបស់ក្រុមហ៊ុន Pfizer សម្រាប់ការចែកចាយនៅពាក់កណ្តាលឆ្នាំ ២០២២ តាមរយៈគម្រោងចែកចាយវ៉ាក់សាំង COVAXរបស់អង្គការសុខភាពពិភពលោក(WHO)ទៅដល់បណ្តាប្រទេសរកប្រាក់ចំណូលទាប ៩២ប្រទេស និងសហភាពអាហ្វ្រិក។
បារាំង បាននិយាយទទូចពីសារសំខាន់នៃការជួយអាហ្វ្រិក ជាពិសេសជួយវ៉ាក់សាំង ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។
បារាំងគឺជាប្រទេសអ្នកមានដំបូងគេ ដែលបានបរិច្ចាគវ៉ាក់សាំងតាមគម្រោង COVAX ពោលគឺពួកគេ បានបញ្ជូនវ៉ាក់សាំង ១០ម៉ឺនដូស ទៅកាន់ប្រទេសម៉ូរីតានី កាលពីខែមេសាកន្លងទៅ ហើយលោកម៉ាក្រុង បាននិយាយថា ប្រទេសរបស់លោក នឹងបរិច្ចាគវ៉ាក់សាំង ពាក់កណ្តាលលានដូសបន្ថែមទៀត នៅពាក់កណ្តាលខែមិថុនានេះ ហើយនិង ៣០លានដូស នៅដំណាច់ឆ្នាំ ២០២១៕ អត្ថបទ៖ សារ៉ាត់