ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងមន្ទីរជំនាញចំណុះរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយចាប់ពិនិត្យអាវុធជាតិផ្ទុះចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាឱ្យបានច្បាស់លាស់ ចំពោះទីតាំងសប្បាយភាពពិសេសបៀរកាឌិនដែលរំខានដល់ដំណេកប្រជាពលរដ្ឋត្រូវពិនិត្យមើលឱ្យបានច្បាស់ បើរំខានពលរដ្ឋក៏មិនអាចទទួលយកបានដែរ បើទោះជាបៀរកាឌិននោះបានផ្ដល់ការងារដល់ពលរដ្ឋក៏ដោយ។
ជាមួយនឹងកិច្ចការសន្តិសុខនៅដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញឱ្យអាជ្ញាធរគ្រប់ខណ្ឌបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងបង្ក្រាបបទល្មើសចោរឆក់ប្លន់ឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមបារបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ចំពោះទីតាំងណាកកស្ទះខ្លាំង ត្រូវតែសម្រួល ឬបង្វែរមនុស្សចេញ ជៀសវាងកុំឱ្យមានបញ្ហាមិនល្អកើតឡើង និងត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះក៏បានរៀបចំបន្សីចូលគ្នារួចហើយដែរ ជាមួយកម្លាំងកងអង្គរក្ស និងអគ្គស្នងការនគរបាលជាតិ សំដៅធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
រដ្ឋបាលរាជធានីនឹងចេញសេចក្តីដំណឹងពីទីកន្លែងសប្បាយភាព កន្លែងប្រគុំតន្ត្រី ដើម្បីឱ្យប្រជាពលរដ្ឋបាលជ្រាបជាដំណឹង ដើម្បីសម្រេចចិត្តទៅទស្សនានៅទីតាំងណាមួយ និងមានវិធានការចាប់កំប្លោកនៅតាមដងទន្លេសាប មិនឱ្យរំខានដល់ការប្រណាំងទូក។ ចំពោះការប្រមូល ទុកដាក់សំរាមសំណល់រឹង នៅក្នុងពិធីនេះក៏ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដោយបានត្រៀមកម្លាំងបោសសម្អាតជាង៣០០នាក់ ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៦ព្រឹក និងបានរៀបចំបន្ទប់ទឹកសាធារណៈ និងសម្រាប់កីឡាករចំនួន ៥៦៧បន្ទប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




